Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋសុំឱ្យរដ្ឋបាលក្រុងច្បារមនជួសជុលនិងបន្ថែមឧបករណ៍ហាត់ប្រាណនៅសួនច្បារមាត់ស្ទឹងព្រែកត្នោត

កំពង់ស្ពឺ៖ដោយមើលឃើញពីការនិយមចូលចិត្តក្នុងការហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋដែលបច្ចុប្បន្នគិតពីសុខភាពជាចម្បង រដ្ឋបាលក្រុងច្បារមនបានរៀបចំនិងដាក់ឧបករណ៍ហាត់ប្រាណមួយចំនួននៅលើទីធ្លាសាធារណៈនៃសួនច្បារមាត់ស្ទឹងព្រែកត្នោត ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋមានឱកាសក្នុងការហាត់ប្រាណប្រចាំថ្ងៃ។ស្របពេលដែលអ្នកនិយមហាត់ប្រាណកាន់តែមានចំនួនច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃបានធ្វើឱ្យខ្វះនូវឧបករណ៍និងខណៈដែលឧបករណ៍ខ្លះបានរងនូវការខូចខាត បងប្អូនប្រជាពលរដ្ឋក៏បានស្នើសុំដល់រដ្ឋបាលក្រុងច្បារមនជួយជួសជុលឧបករណ៍ហាត់ប្រាណដែលចាស់និងខ្លះទ្រុឌទ្រោមនៅទីសាធារណៈសួនច្បារឡើងវិញដើម្បីសម្រួលដល់ការហាត់ប្រាណរបស់ពួកគាត់។ហើយដើម្បីកាន់តែផ្តល់ភាពងាយស្រួលបន្ថែមទៀតនោះ បងប្អូនប្រជាពលរដ្ឋអ្នកនិយមហាត់ប្រាណក៏បានស្នើសុំបន្ថែមដល់អាជ្ញាធរក្រុងជួយរៀបចំទីធ្លាសួនដែលដាក់តាំងឧបករណ៍ហាត់ឱ្យបានធំជាងនេះនិងមានរបៀបរៀបរយ ព្រមទាំងបន្ថែមឧបករណ៍ហាត់ឱ្យបានច្រើនបន្ថែមទៀត។

នៅក្នុងឱកាសចុះពិនិត្យសួនច្បារពុះទ្រូងផ្លូវនិងឧបករណ៍ហាត់ប្រាណនៅទីតាំងខាងលើនាថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២២ អភិបាលក្រុងវ័យក្មេង លោក ទឹម ផានូ បានលើកឡើងថាក្រុងច្បារមនគឺជាក្រុងមួយដែលស្ថិតនៅកណ្តាលនៃខេត្តកំពង់ស្ពឺ ហើយក្រុងនេះគឺបាននិងកំពុងរៀបចំឱ្យមានសោភ័ណភាពគួរទីចាប់អារម្មណ៍នៃភ្ញៀវទេសចរណ៍និងវិនិយោគគិនគ្រប់រូបគ្រាដែលក្រុងនេះនិងក្លាយជាតំបន់ពាណិជ្ជកម្មនាពេលដ៏ខ្លីខាងមុខ។ហើយទន្ទឹមនិងការរំពឹងទុកនេះដែរដើម្បីរៀបចំសោភ័ណភាពក្រុងក៏ត្រូវកែសម្រួលនិងបន្ថែមចំនុចខ្លះដែលមិនមានភាពសមស្របនិងធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍រួម។

លោក ទឹម ផានូ បានសង្កត់ធ្ងន់ថាបច្ចុប្បន្នបញ្ហាអនាម័យ សណ្តាប់សាធារណៈនៅក្នុងក្រុងបានក្លាយជាបញ្ហាប្រឈមអូសបន្លាយដែលអាជ្ញាធរត្រូវដោះស្រាយ។ហើយចំពោះមុខបន្តក្រោមដឹកនាំរបស់លោកនិងត្រូវរៀបចំបញ្ហានេះឱ្យមានលក្ខណៈល្អប្រសើរឡើងវិញក្នុងពេលដ៏ខ្លីដើម្បីឱ្យក្រុងនេះមានឱកាសទទួលបានផ្ការំដួល៣ទងក្នុងការចូលរួមប្រកួតប្រជែងទីក្រុងស្អាត។

ជាមួយនោះដែរជុំវិញការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋខាងលើ អភិបាលក្រុងវ័យក្មេង លោក ទឹម ផានូ ក៏បានឱ្យដឹងថាលោកនិងដឹកនាំក្រុមការងាររបស់ក្រុងចុះរៀបចំនិងជួសជុលឧបករណ៍ហាត់ប្រាណដែលបានរងការខូចខាតឱ្យមានលក្ខណៈល្អប្រសើរឡើងវិញអាចបម្រើដល់ការហាត់ប្រាណនិងរក្សាដល់សុខមាលភាពសាធារណៈជនជូនប្រជាពលរដ្ឋ ហើយជាមួយនោះនិងមានការកែលម្អរចំនុចសួនកន្លែងហាត់ប្រាណឱ្យបានធំទូលាយដើម្បីបន្ថែមឧបករណ៍ហាត់ប្រាណតាមការស្នើសុំនាពេលខាងមុខក្រោយការរៀបចំសួននេះបានរួចរាល់។