នគរបាលក្រុងសិរីសោភ័ណ ចុះធ្វើកិច្ចសន្យា ម្ចាស់អាជីវកម្មឈប់លក់ផលិតផលបារីអេឡិចត្រូនិច

54

បន្ទាយមានជ័យ ៖ នគរបាលក្រុងសិរីសោភ័ណមួយក្រុម សហការជាមួយនគរបាលប៉ុស្តិ៍ព្រះពន្លា ដឹកនាំដោយ លោកវីរៈសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសេរីសោភ័ណ បានចុះធ្វើការអប់រំ និងធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំងលក់ផលិតផលស៊ីហ្សា និងបារីអេឡិចនិចឱ្យឈប់លក់បន្តទៀត។

ការចុះធ្វើការអប់រំ និងធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំង លក់ផលិតផលស៊ីហ្សា និងបារីអេឡិចត្រូនិចនេះ នៅតូបលក់ផលិតផលស៊ីហ្សា និងបារីអេឡិចត្រូនិចមួយកន្លែង នៅផ្លូវចូលផ្សាររាត្រី ស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ១០:១៦ នាទី ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២២។

លោកវីរៈសេនីយ៍ឯក ស៊ី ឌី បានប្រាប់អ្នកយកព័ត៌មានថា កម្លាំងនគរបាលក្រុងសិរីសោភ័ណ និងកំលាំងនគរបាលសង្កាត់ប៉ុស្តិ៍ព្រះពន្លា បានធ្វើការដកហូតវត្ថុតាងរួមមាន ឧបករណ៍ និងវត្ថុ ដែលពាក់ព័ន្ធការប្រើប្រាស់ស៊ីហ្សា និងបារីអេឡិចត្រូនិច ១-ម៉ាស៊ីនYOOZ ចំនួន ៤៣គ្រឿង ២-ម៉ាស៉ីន Vape ចំនួន ៥គ្រឿង ៣-ទឹកថ្នាំ Vape ចំនួន ៩ដប ៤-ទឹកថ្នាំ YOOZ ចំនួន ៨ប្រអប់ ៥-សំឡី ចំនួន ៦ប្រអប់។

លោកវីរៈសេនីយ៍ឯកបានបន្តថា ម្ចាស់ទីតាំងលក់ផលិតផលស៊ីហ្សា និងបារីអេឡិចត្រូនិចនោះ មាន ឈ្មោះ ឡុង គឹមជា ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ការចុះធ្វើការអប់រំ និងធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំងលក់ផលិតផលស៊ីហ្សា និងបារីអេឡិចត្រូនិច មិនឱ្យលក់បន្តទៀតនេះ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានឱ្យកម្លាំងនគរបាលចុះធ្វើការស្រាវជ្រាវរុករកទីតាំងណាដែលលួចលាក់ ចែកចាយ និងប្រើប្រាស់ ផលិតផលស៊ីហ្សា និងបារីអេឡិចទ្រនិច និងត្រូវចុះបង្ក្រាបជាបន្ទាន់។

លោកវីរៈសេនីយ៍ឯកបានបញ្ជាក់ឱ្យដឹងបន្តទៀតថា ក្នុងនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចេញបម្រាម ១.ការធ្វើអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា និងបារីអេឡិចត្រូនិច ត្រូវទប់ស្កាត់ជាបន្ទាន់។ ២.មិនត្រូវផ្ដល់ទីតាំងឬកន្លែងប្រើប្រាស់ស៊ីហ្សា និងបារីអេឡិចត្រូនិច គ្រប់រូបភាពណាក៏ដោយ បើនៅតែបន្តលួចលាក់ធ្វើអាជីវកម្មបារីឡិចត្រូនិច ឬឧបករផ្សេងៗទៀតដែលច្បាប់ហាមឃាត់ សមត្ថកិច្ច នឹងយកម្ចាស់ទីតាំងទាំងអស់ អនុវត្តទៅតាមច្បាប់ និងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕