Connect with us

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នាំយកអំណោយឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី ជូនដល់កុមារកំព្រា វិសាខានៃក្តីសង្ឃឹម

បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី២០ ខែ កក្តដា ឆ្នាំ២០២២ នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បាននាំយកអំណោយគ្រឿងឧបភោគ បរិភោគ និងថវិកា របស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និង កីឡា និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនដល់កុមារកំព្រា នៅមណ្ឌលកុមារកំព្រា វិសាខានៃក្តីសង្ឃឹម វត្តខ្ចាស់ ភូមិប្ញស្សីក្រោក ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម និងលោកជំទាវ ចំពោះក្មួយៗកុមារកំព្រាទាំងអស់ ។ លោកក៏បានអំពាវនាវ ដល់ក្មួយៗ ពេលសិក្សាត្រូវខិតខំរៀនសូត្រ ស្តាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាទំពាំងស្នងឬស្សី ជាកូនល្អ សិស្សល្អ និងជាក្មេងល្អសម្រាប់សង្គម ជាពិសេសត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងសូមឱ្យលោកគ្រូអ្នកគ្រូ ម៉ែដោះ និងក្មួយៗត្រូវបន្តអនុវត្តវិធានការសុខាភិបាល គឺ ៣កុំ ៣ការពារ ដើម្បីគេចផុតពីជំងឺកូវីដ១៩ ។

សូមបញ្ចាក់ថា អំណោយដែលត្រូវបានប្រគល់ជូន រួមមាន ៖ ១-អង្ករ ចំនួន៥០ការ៉ុង ស្មើនិង ២,៥០០គីឡូ, ២-មី ចំនួន ២០០ កេសធំ (២,៤០០កេសតូច), ៣-ទឹកសុទ្ឋវីតាល់ ចំនួន ២០០ កេស, ៤-ទឹកដោះគោ ចំនួន ៥០ កេស, ៥-ទឹកសណ្តែក ចំនួន ៥០ កេស, ៦-ថវិកា ចំនួន ១០០០ ដុល្លារ(មួយពាន់ដុល្លារ) ៕