Connect with us

ព័ត៌មានជាតិ

បុរសម្នាក់រងរបួសធ្ងន់បាក់ជើងក្រោយជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តដែលបើកចេញពីផ្សារ

ខេត្តបាត់ដំបង! បុរសម្នាក់បានរងរបួសធ្ងន់បាក់ជើងស្តាំក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បន្ទាប់ពីជិះម៉ូតូទៅបុករថយន្តដែលបើកចេញពីក្មុងផ្សារនៅវេលាម៉ោង ៨និង០០នាទី ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

ប្រភពបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញមានម៉ូតូម៉ាកហុងដាឃ្លិកពណ៌ក្រហមមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1S-1566 បើកបរដោយបុរសម្នាក់ឈ្មោះ ប៊ុន សិទ្ធភិរម្យ អាយុ៣២ឆ្នាំ រស់នៅក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តបាឡែនពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ផ្លាកលេខ រដ្ឋ36 .2-0450 បើកបរដោយបុរសវ័យខ្ទង់៥០ឆ្នាំម្នាក់ឈ្មោះ ឌី ពៅ ក្នុងទិសដៅពីជើងឡើងចេញពីផ្សារបត់ឆ្វេងដៃ ភ្លាមនោះម៉ូតូបានអូសហ្វ្រាំងជាង១០ម៉ែត្រជ្រុលមកបុកពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់បាក់ជើងស្តាំត្រូវបានរថយន្តសង្រ្គោះដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យចំណែកម៉ូតូខូចខាតផ្នែកខាងក្បាលយ៉ាងដំណំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅវាស់វែងធ្វើកំណត់ហេតុនិងយកមធ្យោបាយទាំងពីរទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕