Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុននាំចេញអង្ករសរីរាង្គធំៗចំនួន២ បានបន្ដចុះកិច្ចសន្យាបញ្ជាទិញស្រូវសរីរាង្គពីសហគមន៍កសិកម្មចំនួន១០ នៃខេត្តព្រះវិហារ

ព្រះវិហារ៖ ក្រុមហ៊ុនស៊ីកនេតឈ័រ អហ្វអេស៊ា និងក្រុមហ៊ុនហ្គោលដិនរ៉ាយស៍ ដែលជាក្រុមហ៊ុន​កែច្នៃ​នាំចេញអង្ករទៅទីផ្សារអន្ដរជាតិ មានផែនការទិញស្រូវសរីរាង្គ ​ឱ្យបានចំនួន ២៥០០តោន ក្នុងឆ្នាំ២០២២នេះ​ ពីសហគមន៍ចំនួន១០ ក្នុងខេត្តព្រះវិហារ ​តាមរយៈការធ្វើផលិតកម្មកសិកម្ម តាមកិច្ចសន្យា។

ការចុះកិច្ចសន្យាទិញលក់ស្រូវសរីរាង្គ រវាងក្រុមហ៊ុនបញ្ជាទិញ ​និងសហគមន៍ កសិករក្នុង​ខេត្តព្រះវិហារនេះ ​ត្រូវបានធ្វើឡើង នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាល ខេត្តព្រះវិហារ។

ក្នុងនោះដែរប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តលោក ពឹង ទ្រីដា ​បានឱ្យដឹងថា ការ អនុវត្តន៍​ផលិតកម្មកសិកម្មតាមកិច្ចសន្យា ​លើកសិផលសរីរាង្គក្នុងឆ្នាំ២០២២នេះ ​សរុបជិត ៨ម៉ឺនតោន ក្នុងនោះមានស្រូវសរីរាង្គ ១៥,៣៥០តោន, ដំឡូងមីសរីរាង្គ ៥៥,០០០តោន ស្វាយ ចន្ទីសរីរាង្គ ៥០០តោន និងសណ្ដែកដីសរីរាង្គ ៣០តោន ដែលធ្វើឡើងរវាងសហគមន៍កសិកម្ម ចំនួន ៣២ក្នុងខេត្តព្រះវិហារ និងក្រុមហ៊ុនដៃគូរសហការទាំងអស់។

លោក បន្ថែមថាសម្រាប់ ក្រុមហ៊ុនចំនួន២នាពេលនេះផ្ទាល់ ​បានបន្ដកិច្ចសន្យាបញ្ជាទិញ ស្រូវ​សរីរាង្គពីសហគមន៍ កសិកម្ម១០ ​ដែលមានអ្នកផលិត ១,៥១៤គ្រួសារ លើកសិផលសរីរាង្គសរុប ២,៥០០តោន។

ជាមួយនោះដែរលោកស្រី សៅ សុនិតា អគ្គនាយករង ក្រុមហ៊ុនហ្គោលដិនរ៉ាយស៍ ដែលជា​ក្រុមហ៊ុននាំ ចេញអង្ករសរីរាង្គទៅទីផ្សារអន្ដរជាតិ ​បានបញ្ជាក់ថា ​នេះជាឆ្នាំទី៤ហើយ ដែលក្រុម​ហ៊ុនបាន ចាប់ដៃគូរសហការជាមួយកសិករខេត្តព្រះវិហារ ក្នុងការបញ្ជាទិញស្រូវសរីរាង្គ​សម្រាប់​កែច្នៃនាំ ចេញទៅទីផ្សារអន្ដរជាតិ ​ដែលក្នុងនោះមានទាំងទីផ្សារក្នុងប្រទេសអាស៊ី ​ទីផ្សារអឺរ៉ុប និងអាមេរិកជាដើម។ ពោលគឺនៅឆ្នាំទី១ ក្រុមហ៊ុនបានចុះកិច្ចសន្យាទិញក្នុងបរិមាណ ៤,០០០តោន, ឆ្នាំទី២ ចំនួន ៣៥០០តោន ឆ្នាំទី៣ ១៥០០តោន និងឆ្នាំទី៤នេះ ក្រុមហ៊ុន​នៅតែបន្ដបញ្ជាទិញក្នុង​បរិមាណមិនប្រប្រួល ក្នុង១៥០០តោនដដែល​ ហើយសម្រាប់ឆ្នាំ២០២៣ខាងមុខ ក្រុមហ៊ុនមាន ផែនការថានឹងពង្រីកបរិមាណឱ្យបានកាន់តែខ្ពស់ជាងនេះបន្ថែមទៀត។

ក្នុងឱកាសនោះឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានធ្វើការវាយ​តម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងសហការគ្នាបានយ៉ាងល្អ ​ពីគ្រប់ភាគីពាក់ព័ន្ធ ដោយមាន​ការ​សម្របសម្រួលពីមន្ទីរកសិកម្ម រហូតឈានដល់ការសម្រេចបានជាបន្ដបន្ទាប់នូវ​កិច្ចសន្យាមួយដែល អាចចាត់ទុកថា​ជាខ្សែបន្ទាត់ ឬជានិតិវិធីសម្រាប់ឲ្យភាគីអ្នកផលិត ​និងអ្នកបញ្ជាទិញដើរព្រម គ្នាឆ្ពោះ​ទៅទិសដៅមួយយ៉ាងជាក់លាក់ ពិតប្រាកដ​ តម្លាភាព សច្ចភាព និងជំនឿទុកចិត្តគ្នា ដោយឈរ​លើ​គោលការណ៍សំខាន់ ៣គឺ៖ ​ធានាបាននូវបរិមាណផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព គុណភាព​ផលិត​ផល ធានាបាននូវតម្លៃ ​សាមគ្គីភាព កិច្ចសហការ ​ជំនឿទុកចិត្ត និងផ្ដល់ផល ប្រយោជន៍​ឱ្យគ្នាទៅវិញ​ទៅមក ​ដោយសេចក្ដីរំពឹងទុកសម្រាប់ពេលអនាគត វិស័យកសិកម្ម នៅ ក្នុង​ខេត្ត​ព្រះវិហារ នឹងក្លាយ​ជាកសិកម្មបែបសរីរាង្គចាប់ពីមូលដ្ឋាន​ រហូតដល់ទីផ្សារចរាចរ ផលិតផល៕