Connect with us

ព័ត៌មានជាតិ

រយៈពេល៩ខែឆ្នាំនេះខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរណ៍កើនឡើង១៧១,៥១ភាគរយ

ព្រះវិហារ៖ ក្នុងរយៈពេល៩ខែឆ្នាំ២០២២នេះ ខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរណ៍សរុបមាន​ចំនួន ២៨០,៥២២នាក់ កើនឡើង ១៧១,៥១​ភាគរយ​ភ្ញៀវជាតិ មានចំនួន ២៧៤,៦៨០នាក់ និង ភ្ញៀវអន្តរជាតិមានចំនួន ៥៨៤២នាក់ កើនឡើង ៦៦៦,០៦ភាគរយ ។

នេះបើយោងរបាការណ៍មន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានលើកឡើងក្នុងទិវាទេសចរណ៍​ពិភព​លោក​ឆ្នាំ២០២២ ក្រោមប្រធានបទ “ការគិតគូរឡើងវិញពីទេសចរណ៍” នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នៅក្នុងសហគមន៍ទំនប់ទឹក៩៥ ស្ថិតក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ។

លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្ត បានលើកឡើងទៀតថា ជាការកត់សម្គាល់ភ្ញៀវដែល ស្នាក់នៅទស្សនាកំសាន្តតាមរម្មណីយ៍ដ្ឋានផ្សេងៗមានប្រមាណជា ២០,១១% និងភ្ញៀវទេសចរណ៍​ដែលមកកំសាន្តហើយវិលត្រលប់ទៅវិញប្រមាណជា​ ៧៩,០៩% និងមានបុគ្គលិកបម្រើការ​ងារ​ក្នុង​មូលដ្ឋានអាជីវកម្ម និងសេវាកម្មចំនួន ៧២២នាក់ ស្រី៤៥២នាក់។

នាឱកាសនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បាន​ផ្តល់​អនុសាសន៍ មួយចំនួន​សម្រាប់​វិស័យទេសចរណ៍កម្ពុជា ស្របពេលដែលឆ្នាំ២០២២នេះ ត្រូវបានកំណត់ជាឆ្នាំ ដំបូង ស្ថិត​ក្នុង​ដំណាក់កាល​នៃការងើបឡើងវិញ នៃវិស័យទេសចរណ៍កម្ពុជា ​ឈរលើទស្សនៈ “អនាគតទេស​ចរណ៍ ចាប់ផ្តើមពីថ្ងៃនេះ” មានដូចជា ជំរុញការអភិវឌ្ឍ និងគោដៅទេសចរណ៍ ប្រកបដោយ​គុណភាព សុវត្ថិភាព ភាពទាក់ទាញ ​និងគំនិតច្នៃប្រឌិត​ ជំរុញការកសាងផែនការរួម គ្នា ការ​ប្រើប្រាស់​រួមគ្នាគ្រប់​ភាគីពាក់ព័ន្ធ រដ្ឋ ឯកជន សហគមន៍ទេសចរណ៍ ​ពិសេសអនុញ្ញាតឲ្យ អាជីកម្មទេសចរណ៍គ្រប់កម្រិត ទាំងខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមឲ្យមានការ “រួមគិត រួមធ្វើ រួមទទួលខុសត្រូវ” ។

ឯកឧត្តម ក៏បានផ្តាំផ្ញើដល់អាជីករទាំងអស់ ​ដើម្បីឲ្យភ្ញៀវទេសចរណ៍ចូល មកលេងកំសាន្ត យើងត្រូវ​គិតអំពីអេកូទេសចរណ៍គឺ ​ទេសចរណ៍បែបធម្មជាតិ ​ត្រូវចេះកែច្នៃ តំបន់ទេសចរណ៍ដែល​មានស្រាប់​សំអាតបរិស្ថានឲ្យមានល្អនិងត្រូវមានបន្ទុប់ទឹកឲ្យបានសមរម្យ៕