Connect with us

ព័ត៌មានជាតិ

ភ្ញៀវទេសចរដើរកម្សាន្តតាមគោលដៅទេសចរណ៍ឡើងដល់ជិត ១លាននាក់ ក្នុងសប្ដាហ៍ទី២ខែតុលានេះ

ភ្នំពេញ៖ យោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍ ទទួលបាននៅថ្ងៃទី១៨ ខែតុលានេះ បានឱ្យដឹងថា តួលេខភ្ញៀវទេសចរទូទៅក្នុងសប្តាហ៍ទី២ (ចាប់ពីថ្ងៃទី១០១៦ ខែតុលា ២០២២) ឡើងដល់ចំនួន ៩៣៨,៩២៨នាក់ ក្នុងនោះភ្ញៀវជាតិ ៩១៤,៥៤៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២៤,៣៨៥នាក់។

របាយការណ៍ ដដែល បាន​ឱ្យដឹងទៀតថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

* ខេត្តកំពង់ចាម ៤០១,៩២៩នាក់

* ខេត្តព្រះសីហនុ ១៣៩,៥៩១នាក់

* ខេត្តបាត់ដំបង ១៣៥,៨៩៩នាក់

* ខេត្តព្រៃវែង ៦៨,៥២៥នាក់

* ខេត្តពោធិ៍សាត់ ៥៩,៨៤៥នាក់

* ខេត្តសៀមរាប ២៧,៨២២នាក់

* ខេត្តកំពត ២៣,២៤៦នាក់។

របាយការណ៍ដដែល បានបន្ដថា តួលេខនេះ មានការកើនឡើងប្រមាណ ១៥០.៤៥% បើធៀបនឹងសប្តាហ៍កន្លងមក។ កំណើនភ្ញៀវផ្ទៃក្នុងច្រើនក្នុងសប្តាហ៍កន្លងមក ដោយសាររដ្ឋបាលខេត្តកំពង់ចាម ព្រៃវែង និងពោធិ៍សាត់ បានរៀបចំពិធីប្រណាំងទូក បណ្តែតប្រទីប អុជកាំជ្រួច និងតាំងពិព័រណ៍​ ដែលបានទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាច្រើនកុះកុរ។

ទន្ទឹមនឹងនេះ ​ខេត្តព្រះសីហនុ បន្តទទួលបានភ្ញៀវទេសចរមកកម្សាន្តជាច្រើន​ក្នុងរយៈពេល​២សប្តាហ៍ជាប់គ្នា ​បន្ទាប់ពីមានការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុ រយៈពេល១ខែ ចាប់ពីថ្ងៃទី១៣១ ខែតុលា ឆ្នាំ២០២២។

បណ្តាខេត្តផ្សេងទៀតដែលនៅជាប់បណ្តោយដងទន្លេបានកំពុងត្រៀមរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ទៅតាមពេលវេលាសមស្រប និងស្ថានភាពជាក់ស្តែងក្នុងមូលដ្ឋានរបស់ខ្លួន៕