Connect with us

ព័ត៌មានជាតិ

វត្តមានសត្វស្មោញ ប្រភេទសត្វកម្រ កំពុងបន្តរស់នៅច្រើនជាងគេ ក្នុងជម្រកសត្វស្លាបបឹងទន្លេសាប ខេត្តបាត់ដំបង

បាត់ដំបង ៖ ជម្រកសត្វស្លាបបឹងទន្លេសាប ខេត្តបាត់ដំបង មានវត្តមានសត្វស្មោញ ជាប្រភេទសត្វកម្រ កំពុងបន្តរស់នៅច្រើនជាងគេ នៅតំបន់អាស៊ីអាគ្នេយ៍ ។

មន្ត្រីអង្គការអភិរក្សបឹងទន្លេសាប បានបង្ហាញឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០០៨មក គេសង្កេតឃើញមានសត្វស្លាប ចំនួន១០ប្រភេទ ដែលជាសត្វរងគ្រោះខ្លាំងបំផុត បាននឹងកំពុងរស់នៅក្នុងដែនអភិរក្សជីវ:ចម្រុះ រ៉ាមសារព្រែកទាល់ ក្នុងខេត្តបាត់ដំបង ហើយត្រូវបានមន្ត្រីជំនាញ រួមជាមួយអង្គការដៃគូ រួមគ្នាទប់ស្កាត់ និងអភិរក្សឡើងវិញ ។

ជាមួយគ្នានេះ ក៏ប្រឈម និងរងគ្រោះដោយការយាយីខ្លាំង ពីមនុស្សតាមប្រមាញ់ ធ្វើម្ហូបផងដែរនៅរវាងអំឡុង ឆ្នាំ២០០៨ មានដូចជា ៖ សត្វស្មោញ, សត្វត្រដក់តូច, ត្រដក់ធំ, សត្វទុងប្រផេះ, សត្វចង្កៀលខ្យង, រនាលពណ៌, ពពូលទឹក, សត្វក្ងខ្លួនស សត្វអង្កត់ខ្មៅ និងសត្វអកត្រីប្រផេះជាដើម ។ ដោយបច្ចប្បុន្ន សត្វស្លាបដែលកំពុងបន្តវត្តមាន រស់នៅក្នុងដែនអភិរក្សបឹងទន្លេសាប ចែកចេញជា ៣ប្រភេទ ក្នុងនោះមានប្រភេទសត្វដោយសម្បូរ ប្រភេទសត្វដោយបង្គួរ និងប្រភេទសត្វដ៏កម្រនៅប៉ែកអាស៊ីអគ្នេយ៍ ។

លោក តុន ណៃ ប្រធានសហគមន៍អេកូទេសចរណ៍ តំបន់បឹងទន្លេសាប បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃម្សិលមិញថា  ប្រភេទសត្វស្មោញ ក្នុងចំណោមសត្វស្លាបដែលរងគ្រោះទាំង ១០ប្រភេទ ខាងលើ បន្ទាប់ពីមានគោលការណ៍អភិរក្ស ពីរាជរដ្ឋាភិបាលចាប់តាំងពីឆ្នាំ ២០០១ មក មន្ត្រីជំនាញ បានរកឃើញជម្រកសត្វស្មោញ រស់នៅលើដើមឈើតែ២ដើមប៉ុណ្ណោះ ស្មើនឹងមេពូជចំនួន ៥០០ក្បាល ហើយធម្មជាតិរបស់សត្វស្មោញ វាកាច់សំបុកពងកូននៅរៀងរាល់អំឡុងខែតុលា ។

លោក តុន ណៃ បានបន្ថែមថា ក្រោយរាជរដ្ឋាភិបាល ក៏ដូចជាអង្គការដៃគូ បានផ្តោតយកចិត្តទុកដាក់លើការថែរក្សា និងអភិរក្សសត្វស្លាបទាំងអស់មក ក្រៅពីសត្វស្មោញ ក៏មានពូជសត្វចំនួន៩ប្រភេទទៀត មានចំនួនកើនឡើងជាបន្តបន្ទាប់ផងដែរ ថែមទាំងបានក្លាយជាមេដែកមួយ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឲ្យចាប់អារម្មណ៍ចូលមកទស្សនា ដែនទឹកភូមិសាស្ត្រខេត្តបាត់ដំបង យ៉ាងច្រើនគួរឲ្យគាត់សម្គាល់ផងដែរ ៕

ដោយ ៖ សាលី