Connect with us

ព័ត៌មានជាតិ

រថយន្តធុនធំ បុកម៉ូតូពេញទំហឹង បណ្តាលអោយមនុស្ស០២នាក់ រងរបួសធ្ងន់

បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្ស០២នាក់ បានរងរបួសធ្ងន់ (បាក់ជើងនិងដៃ) ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ ដែលកើតឡើងរវាងរថយន្ត និងម៉ូតូ នៅវេលាម៉ោង១៤ និង០០នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1B-8935 បើកបរ​ដោយបុរសម្នាក់ និងអ្នករួមដំណើរជាក្មេងប្រុសម្នាក់ក្នុងទិសដៅពីជើងទៅត្បួង លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តធុនធំសណ្តោងមួយគ្រឿង ពាក់ផ្លាកលេខខាងមុខ កំពង់ចាម-3B-1483 និងខាងក្រោយកំពង់ចាម-4A-0606 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើង និងបានជ្រុលទៅបុកជាមួយម៉ូតូពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់​(បាក់ជើងនិងដៃទាំងពីរនាក់)ចំណែករថយន្តបន្តបើករត់ជាច្រើនគីឡូ តែត្រូវបានសមត្ថកិច្ចតាមឃាត់មកវិញផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់ធ្វើគំនូសហេតុនិងដឹកបញ្ជូនជនរងគ្រោះ​ទៅសង្គ្រោះព្យាបាលនៅមន្ទីពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យចរាចរណ៍ដើម្បីអនុវត្តបន្តតាមនីតិវិធី៕
ដោយ ៖ សាលី