Connect with us

ព័ត៌មានជាតិ

ពលរដ្ឋរងគ្រោះ ដោយភ្លើងឆេះផ្ទះ ១គ្រួសារ ទទួលបានអំណោយសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង

បាត់ដំបង ៖ ពលរដ្ឋរងគ្រោះ ដោយភ្លើងឆេះផ្ទះ ១គ្រួសារ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បានទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ។

ការនាំអំណោយនេះ ក្សារោមការដឹកនាំរបស់លោក កង ប៊ន  អនុប្រធានគណៈកម្មាធិការសាខា តំណាងឯកឧត្តម សុខ លូ ជាប្រធានគណៈកម្មាធិការសាខា និងដោយមានការចូលរួមពីលោកជំទាវ ព្រំ វណ្ណា លោកជំទាវ ញឹក សាគន្ធ សមាជិកក្រុមប្រឹក្សាខេត្ត នាយកសាខាខេត្ត ក្រុមកាកបាទក្រហមសង្កាត់អូរចារ  ដោយបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋឈ្មោះលោក ម៉ូវ មូល អាយុ៥០ឆ្នាំមានបន្ទុកគ្រួសារចំនួន៥នាក់ ស្ថិតនៅភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង រងគ្រោះដោយអគ្គិភ័័យកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ដោយឆ្លងចរន្តអគ្គិសនី។

លោក កង ប៊ន អនុប្រធានគណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសំដែងនូវការសោកស្តាយ ពីសំណាក់ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ចាស់ជរា ស្រ្តីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។ 

ក្នុងនាមឯកឧត្តម សុខ លូ លោកអនុប្រធានគណៈកម្មាធិការសាខា បានចូលរួមសម្តែងការសោកស្តាយជាពន់ពេក ជាមួយក្រុមគ្រួសាររងគ្រោះទាំងអស់ចំពោះឧប្បត្តិហេតុមិននឹកស្មានដល់នេះ ដែលបានបំផ្លាញលំនៅដ្ឋាននិងសម្ភារអស់គ្មានសល់  និងបានអំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋទាំងអស់ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់​ពីគ្រោះអគ្គីភ័យដែលអាចកើតមានគ្រប់ពេល ប្រសិនបើមានការធ្វេសប្រហែស ដូចនេះពេលមិននៅ ឬ ចាកចេញពីផ្ទះត្រូវបិទកុងតាក់ភ្លើងអគ្គិសនី  ពន្លត់ភ្លើងចង្ក្រាន ហ្គាស  ពន្លត់ទៀនធូបជាមុនសិន   ដើម្បីបង្ការក្រែងកើតមានមហន្តរាយផ្សេងៗ ។ 

បន្ថែមពីនេះ លោកអនុប្រធានគណៈកម្មាធិការសាខា បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមលើកកំពស់ការថែទាំសុខភាពឱ្យបានល្អ រស់នៅត្រូវប្រកាន់ខ្ជាប់អនាម័យស្អាត ៣យ៉ាង   ជាពិសេសត្រូវយកចិត្តទុកដាក់អំពីសុវត្ថិភាពផ្ទាល់ខ្លួនជាប្រចាំដោយត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួនតាមវិធានការសុខាភិបាល ” ៣កុំ ៣ការពារ និង ១ចូលរួម ” ដើម្បី ជៀសអោយផុតពីការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ បម្លែងថ្មីដ៏កាចសាហាវនេះ ។

គួរបញ្ជាក់ថា  អំណោយមនុស្សធម៌ដែលផ្តល់ជូន រួមមាន   ៖ អង្ករ ៥០ គីឡូក្រាម , មី ២កេស, ត្រីខ ២យួរ , ទឹកត្រី ២យួរ ,ទឹកស៊ីអុីវ ២យួរ, ជែលលាងដៃ១៦ដប សម្ភារៈផ្ទះបាយ២ឈុតនិងថវិកាចំនួន២០ម៉ឺនរៀលផងដែរ៕

ដោយ ៖ សាលី