Connect with us

ព័ត៌មានជាតិ

រយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូក ខេត្តកោះកុងទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់

កោះកុង៖ ខេត្តកោះកុងបានទទួលភ្ញៀវទេសចរជាង២ម៉ឺននាក់ ​មកលេងកម្សាន្តនៅខេត្តកោះកុង តាមតំបន់រមណីយដ្ឋាននានា ​អំឡុងពេលព្រះរាជពិធីបុណ្យអុំទូក​ អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប រយៈពេល៣ថ្ងៃនេះ ។

ថ្លែងប្រាប់នៅរសៀលថ្ងៃទី១០ខែវិច្ឆិកានេះ លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍​ខេត្តកោះកុង ​បានឱ្យដឹងទៀតថា បើគិតចាប់ពីថ្ងៃទី៧​ដល់ថ្ងៃទី៩ ​ខែវិច្ឆិកា មូលដ្ឋានខេត្ត​ភ្ញៀវទេសចរ​សរុបប្រមាណ ​២១.០៨២នាក់​ ក្នុងនោះអ្នកទេសចរបរទេសចំនួន ២៧៧នាក់ បើធៀប​នឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១​ ថយចុះចំនួន ៣.៤៨៦នាក់ ​ស្មើ​នឹង១៦ភាគរយ។

ដោយឡែកលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បង្ហាញថា គ្រប់​តាម​គោលដៅទេសចរណ៍នានា សុទ្ធតែត្រូវបានយកចិត្តទុកដាក់ខ្ពស់​ពង្រាយកងកម្លាំងសមត្ថកិច្ច​ល្បាត​ការពារសុវត្ថិភាពជូនអ្នកទេសចរ ​និងប្រជាពលរដ្ឋ​តបតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍​សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាល និងលោកជំទាវ មិថុនា ភូថង អភិបាលខេត្ត។

លោកឧត្តមសេនីយ៍ទោ ​បញ្ជាក់ទៀតថា ៣ថ្ងៃនៃពិធីបុណ្យអុំទូកឆ្នាំ២០២២នេះ ពុំបទល្មើសអ្វីកើត​ឡើង​គួរឱ្យកត់សម្គាល់ឡើយ ពោលគឺមានសុខសុវត្ថិភាពល្អប្រសើរច្រើនណាស់សម្រាប់ឆ្នាំ២០២២ មិនថា​នៅទីរួមខេត្ត ឬបណ្តាស្រុកគោលដៅទេសចរណ៍។

គួរបញ្ជាក់ផងដែរថា ខេត្តកោះកុង មានតំបន់អេកូទេសចរធម្មជាតិឆាយអារ៉ែង សហគមន៍​អេកូ​ទេសចរ​ព្រៃកោងកាងពាមក្រសោប ទឹកជ្រោះតាតៃក្រោម​ កោះស្តេច តំបន់រមណីយដ្ឋានឆ្នេរ​នេសាទ​ និងតំបន់ព្រំដែនអន្តរជាតិចាំយាម។ទាក់ទិននឹង​បញ្ហាតម្លៃ​សេវាកម្ម​ស្នាក់នៅ និង​ចំណី​អាហារ ​ម្ចាស់ភោគជនីយដ្ឋាន ​អាហារដ្ឋាន ផ្ទះសំណាក់ ​ក៏ដូចជាសណ្ឋាគារ មិន​ដំឡើងថ្លៃហួស​ហេតុពេក​នោះទេ៕