Connect with us

ព័ត៌មានជាតិ

លោក បោន ប៊ិន នាំយកកុំព្យូទ័រ និងសម្ភារៈកីឡា ផ្តល់ជូនដល់ការិយាល័យ​អប់រំស្រុក​ និងសាលារៀន នៅក្នុងស្រុកភ្នំស្រុក​

បន្ទាយមានជ័យ​ ៖​ លោកកឧត្តមសេនីយ៍ត្រី​ បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បាននាំយកកុំព្យូទ័រ ១៣គ្រឿង​ និងសម្ភារៈកីឡាមួយចំនួន  ផ្តល់ជូនដល់ការិយាល័យ​អប់រំស្រុក​ និងសាលារៀនទាំង១២​ នៅក្នុងស្រុកភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ សម្រាប់ប្រើប្រាស់តាមសាលា ដើម្បីលើកស្ទួយវិស័យអប់រំ ឱ្យកាន់តែមានភាពប្រសើរឡើងបន្ថែមទៀត ។

លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ បានឲ្យដឹងថា អំណោយទាំងនេះ គឺ ជាការឧបត្ថម្ភរបស់លោក ឈឿង​ ឈីវអៀន​ ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ជូនដល់ការិយាល័យ​អប់រំស្រុក​ និងសាលារៀនទាំង១២​ នៅក្នុងស្រុកភ្នំស្រុក​នេះ ។  ជាមួយគ្នានោះ​ដែរ លោកក៏បានថ្លែងនូវការកោតសរសេីរចំពោះលោកគ្រូ-អ្នកគ្រូ​ ដែលបានចូលរួមចំណែកយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស​ ប្រកបដោយចំណេះដឹង​ ដល់សិស្សានុសិស្ស​ ។

លោកឧត្តមសេនីយ៍ត្រី​ បន្តថា វិស័យអប់រំ​ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាវិស័យអាទិភាពឈានមុខ​គេ ក្នុងការបណ្តុះបណ្តាលនូវធនធានមនុស្ស ដូច្នេះ អាណាព្យាបាលដែលមាន​កូនៗ គ្រប់អាយុ​ សូមនាំកូនៗ ទៅចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នា ។

គួរបញ្ជាក់ថា​ កុំព្យូទ័រ​ទាំង១៣គ្រឿង ត្រូវបានផ្តល់ជូនការិយាល័យ​ អប់រំស្រុកចំនួន១គ្រឿង​ និងសាលារៀនចំនួន១២សាលា ទទួលបានមួយសាលាមួយ១គ្រឿង​ ព្រមទាំងសម្ភារៈ​កីឡា​មានដូចជា ៖ អាវ១៤១ឈុត​ បាល់ទះ១០​គ្រាប់ បាល់ទាត់១៥គ្រាប់​ សារុង១៤១សារុង​ ភេសជ្ជ:ចំនួន៥០កេស និងលោកគ្រូ-អ្នកគ្រូ​ ដែលបានចូលរួម ចំនួន១៤១នាក់ ក្នុងម្នាក់ទទួលបានថវិកា៥ម៉ឺន​រៀល​ផងដែរ ៕