Connect with us

ព័ត៌មានជាតិ

គ្រួសារមន្ត្រីនគរបាលមរណ: ២គ្រួសារ ទទួលបានប្រាក់ឧបត្ថម្ភពី សមាគមមិត្តនគរបាលជាតិ

បន្ទាយមានជ័យ ៖ គ្រួសារមន្ត្រីនគរបាលមរណ: ២គ្រួសារ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ទទួលបានប្រាក់ឧបត្ថម្ភពី សមាគមមិត្តនគរបាលជាតិ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។

ការនាំប្រាក់សមាគមមិត្តនគរបាលជាតិ ប្រគល់ជូនគ្រួសារមន្ត្រីនគរបាលមរណៈនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដោយបាននាំយកថវិកា សរុបចំនួន៨.០០០.០០០រៀល (ប្រាំលានរៀល) ប្រគល់ជូនដល់គ្រួសារ សពមន្ត្រីនគរបាលចំនួន២រូប ដែលទើបទទួលមរណ:ភាព ក្នុងនោះបានប្រគល់ជូនលោកស្រី វុន ម៉ៅ ភរិយាសពអនុសេនីយ៍ឯក គឹម គុណ អត្តលេខ៥១៩៩៧ មន្ត្រីវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ ចំនួន៦.០០០.០០០រៀល (ប្រាំមួយលានរៀល) និងលោកអនុសេនីយ៍ទោ ថន ធិន មន្ត្រីវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១  ដែលមានភរិយាបានទទួលមរណភាព នូវថវិកា  ចំនួន២.០០០.០០០រៀល (ពីរលានរៀល) ។

លោកឧត្តមសេនីយ៍ត្រី វង្ស វិត បានពាំនាំនិងសំដែងនូវការចូលរួមរំលែកទុក្ខ និងសោកស្តាយយ៉ាងក្រៃលែង ជាមួយក្រុមគ្រួសារសព ដែលបាត់បង់ស្វាមី និងភរិយា ជាទីស្រឡាញ់ ពីសំណាក់លោកឧត្តមសេនីយ៍ស្នងការ ចំពោះគ្រួសារមន្ត្រីនគរបាលមរណៈទាំង២ ។

លោកឧត្តមសេនីយ៍ស្នងការរង បានបញ្ជាក់ជូនថា ថវិកាដែលបានប្រគល់ជូននាពេលនេះ គឺជាថវិការបស់ គណៈកម្មាធិការសមាគមមិត្តនគរបាលជាតិ ដែលផ្តួចផ្តើមឡើងដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាប្រធានគណៈកម្មាធិការសមាគមមិត្តនគរបាលជាតិ ក្នុងគោលបំណងដើម្បីជួយរំលែកពីទុក្ខលំបាកឲ្យគ្នាទៅវិញទៅមក ៕