Connect with us

ព័ត៌មានជាតិ

ជនជាតិថៃ​ម្នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធបទល្មើស ផលិត-ធ្វើចរាចរណ៍អាវុធ និងគ្រាប់រំសេវខុសច្បាប់

បន្ទាយមានជ័យ​ ៖​  ជនសង្ស័យជាជតិថៃម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួន បញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធបទល្មើស ផលិត-ធ្វើចរាចរណ៍អាវុធ និងគ្រាប់រំសេវខុសច្បាប់ ។

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ជនសង្ស័យខាងលើ មានឈ្មោះ អេក ណាក់ឡុង ស៊ីផាយ (ហៅខ្វាង)​ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិថៃ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលអគារJ៩ បន្ទប់លេខ ២០៤ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំដោយលោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ ជាមេបញ្ជាការក្រុង ធ្វើការបង្ក្រាបឃាត់ខ្លួន កាលពីវេលាម៉ោង​១០និង៥៣នាទី ថ្ងៃទី១៩​ ខែធ្នូ​ ឆ្នាំ​២០២២​ នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណី ផលិត ឬធ្វើចរាចរណ៍ អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ ។

លោកបញ្ជាក់ថា ករណីនេះ សមត្ថកិច្ចបានធ្វើការដកហូតនូវ វត្ថុតាងមួយចំនួន រួមមាន​៖​ កាំភ្លើងកែច្នៃបាញ់គ្រាប់ពិត ចំនួន០១ដើម, គ្រាប់កាំភ្លើង(គ្រាប់ពិត) ចំនួន០១គ្រាប់,​ ដែករណាដងជ័រ ពណ៌ស ខ្មៅ ប្រវែង៥៣សង់ទីម៉ែត្រ ចំនួន០១ដើម ៕