Connect with us

ព័ត៌មានជាតិ

ផលិតផលមានដើមកំណើតពីសត្វ ខុសច្បាប់ជិត៣០០០គីឡូក្រាម ត្រូវសមត្ថកិច្ចជំនាញខេត្តបន្ទាយមានជ័យបង្រ្កាបបាន

បន្ទាយមានជ័យ៖ ដោយមានការបញ្ជាដោយផ្ទាល់ពីឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ និង ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានចុះស្ទាក់ចាប់រថយន្ត០១គ្រឿង ម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខសៀមរាប2C-3420 ដឹកផលិតផលមានដើមកំណើតពីសត្វ(ប្រហិតចម្រុះ មានដូចជា ប្រហិតសាច់មាន់, , ប្រហិតសាច់គោ ប្រហិតសាច់ក្ដាម, ប្រហិតសាច់ត្រី, ប្រហិតសាច់បង្កា, ប៉ាត់តេ និងហតដក) គ្មានច្បាប់អនុញ្ញាតិ។

ប្រតិបត្តិការនេះ នៅវេលាម៉ោងប្រមាណ០៥ និង១០នាទីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចភូមិជប់ ឃុំជប់ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និង សុខភាពសាធារណ: បសុព្យាបាលឲ្យដឹងថា ផលលិតផលគ្មានច្បាប់អនុញ្ញាតិទាំងនេះមាន ចំនួន២៨០០គីឡូក្រាម មានប្រភពចេញមកពីប្រទេសថៃ តាមច្រកភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបង ឆ្ពោះទៅលក់ចែកចាយនៅខេត្តសៀមរាប ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគ្មានវិញ្ញាបនបត្រអនាម័យសត្វពីប្រទេសនាំចេញ។

បច្ចុប្បន្នក្រុមការងារបាននាំយកបទល្មើស និងវត្ថុតាងទាំងនោះទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕