Connect with us

ព័ត៌មានជាតិ

ផ្លូវ៤កន្លងផ្លូវជាតិលេខ៥ពីក្រុងសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែត នឹងចាប់ផ្តើមកសាងនៅដើមឆ្នាំ២០២៣នេះ

បន្ទាយមានជ័យ៖ ផ្លូវ៤កន្លងផ្លូវជាតិលេខ៥ពីក្រុងសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែត នឹងចាប់ផ្តើមកសាងនៅដើមឆ្នាំ២០២៣នេះ ដែលក្រុមការងារជំនាញកំពុងធ្វើវាស់វែងកំណត់អក្ខ និងត្រាសេ កាត់ដើមឈើ បន្ទាប់ពីដោះស្រាយសំណងរួចរាល់។

លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ ផ្លូវជាតិលេខ៥ដែលតភ្ជាប់ពីក្រុងសិរីសោភ័ណពីចំណុចផ្លូវវាងក្រុងទឹកថ្លា ដល់មុខទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដែលមានប្រវែង៣៥គីឡូម៉ែត្រ កំពុងធ្វើការត្រាសេ និងវាស់វែងកំណត់អក្ខ និងកាត់ដើមឈើដែលហើយដំណើរការនៃការឈូសឆាយនឹងត្រូវធ្វើនៅដើមឆ្នាំ២០២៣នេះ។

លោកបានបញ្ជាក់ថា៖ ផ្លូវជាតិលេខ៥ដែលតភ្ជាប់ពីក្រុងសិរីសោភ័ណដល់ក្រុងប៉ោយប៉ែតជាប្រភេទផ្លូវ៤គន្លង២ទៅ២មក មានរនាំងដែកដាំកូនឈើ និងស្មៅ ពុះចែកទ្រូងផ្លូវ គម្រោងកសាងនៅដើមឆ្នាំ២០២៣ ដែលចាប់ផ្តើមកសាងពីក្រុងសិរីសោភ័ណទៅក្រុងប៉ោយប៉ែត ដែលជំហ៊ានដំបូងមន្ត្រីជំនាញកំពុងត្រាសេ និងវាស់វែងកំណត់អក្ខ។

លោក សុក ចាន់ថា បានបញ្ជាក់ថា៖ ខេត្តបន្ទាយមានជ័យ បានទទួលផ្លូវប្រភេទ៤គន្លងនេះពីក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ទៅទល់ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ហើយត្រូវបានកសាងរួចរាល់ និងដាក់ដំណើរការកាលពីដើមឆ្នាំ២០២២ ហើយត្រូវបានបន្តកសាងពីក្រុងសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែតបន្តទៀត៕