Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន កូ ណៃ បន្តកាយប្រឡាយកំណត់ព្រំដី តាមជើងភ្នំកងវ៉ា ធ្វើកម្មសិទ្ធ ហាក់គ្មានរអាច្បាប់

បន្ទាយមានជ័យ ៖ ក្រុមហ៊ុន កូ ណៃ ក្រៅពីធ្វើរបងបន្លាលួសបិទផ្លូវ និងព័ទ្ធជើងភ្នំធ្វើកម្មសិទ្ធ ដោយគ្មានការអនុញ្ញាត បច្ចុប្បន្នក្រុមហ៊ុនមួយនេះ បានបន្តកាយប្រឡាយកំណត់ព្រំដី តាមជើងភ្នំកងវ៉ា ហាក់គ្មានរអាច្បាប់បន្តិចសោះ ។

ករណីនេះ កន្លងមកព័ត៌មានបានចុះផ្សាយ ម្តងរួចទៅហើយកាលពីដើមខែធ្នូកន្លងទៅ ដែលក្រុមហ៊ុន កូ ណៃ  បានឲ្យកូនចៅប្រើគ្រឿងចក្រយកដុំថ្មធំៗ បិទផ្លូវ និងធ្វើរបងខ័ណ្ឌផ្តាច់ ផ្លូវជ្រលងភ្នំ និងធ្វើរបងលួសតាមជើងភ្នំឈានទៅហ៊ុំព័ទ្ធជួរភ្នំកងវ៉ា ស្ថិតក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លើផ្ទៃដីរាប់សិបហិចតា ធ្វើកម្មសិទ្ធិដើម្បីអាស្រ័យផល ដាំដំណាំ និងចញ្ចឹមសត្វព្រមទាំង រៀបចំធ្វើផ្លូវខ្វាត់ខ្វែង បែបតំបន់ទេសចរណ៍ ដោយលោក កូ ណៃ បានប្រាប់អ្នកសារព័ត៌មានថា មិនទាន់មានច្បាប់អនុញ្ញាតនៅឡើយទេ តែចាំសុំច្បាប់តាមក្រោយ ហើយការបិទផ្លូវ និងហ៊ុំព័ទ្ធនេះផងដែល គឺ ក្នុងគោលបំណង មិនឲ្យគ្រឿងចក្រដែលកំពុងកាយដី ចូលដីរបស់គាត់ មួយទៀតកុំឲ្យមនុស្ស ឬសត្វ ចូលមកបំផ្លាញដំណាំរបស់គាត់ ដែលកំពុងតែដាំជាច្រើន នៅលើផ្ទៃដីខាងលើដែលគាត់ទិញពីឈ្មោះ តួ ធានទឺ អតីតអភិបាលរងខេត្តបន្ទាយមានជ័យ ដែលជាដីចំណីភ្នំ និងដីជើងភ្នំ ដែលមានការកាន់កាប់គ្រប់គ្រងបន្តបន្ទាប់ ក្រោយការកាយយកអាចម៌ដីលក់។

បន្ទាប់ពីមានការចុះផ្សាយ អាជ្ញាធរក្រុងសិរីសោភ័ណ បានចុះពិនិត្យ ប៉ុន្តែនៅពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២  ក្រុមហ៊ុននេះនៅតែបន្តសកកម្មភាព បិទផ្លូវ ធ្វើរបងលួសព័ទ្ធភ្នំ បានរាប់រយម៉ែត្រត្រង់ប៉ែខាងលិច ឈាងខាងត្បូង រហូតដល់មាត់រណ្តៅដី ។ តែអ្វីដែលប្រែប្រួលកាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុននេះបានប្រើគ្រឿងចក្រមួយគ្រឿង ទៅកាយថ្មធំៗ ដែលបានបិទផ្លូវ ខាងបន្ទាយរថក្រោះ បើកឡើងវិញ តែផ្លូវខាងកើតឈាងខាងត្បូង ចំនួនពីរច្រក នៅតែបន្តបិទ និងកាយប្រឡាយ មិនអោយចរាចរបានឡើយ ។

ជុំវិញករណីនេះលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា កន្លងទៅថាលោកបានអោយខាងក្រុងសិរីសោភ័ណ ធ្វើការដោយលោកជាប់រវល់ ចាំអោយក្រុងធ្វើការបន្ថែម រឿងកាយព័ទ្ធភ្នំចឹងម៉េចត្រូវ ។

សូមរំលឹកថា មួយរយៈចុងក្រោយនេះ មិនដឹងជាមានការអភិវឌ្ឍន៍អ្វីទេ បានជាដីភ្នំហាក់មានទីផ្សារ បន្ទាប់ពីស្ងាត់មួយរយៈ ក្រោយឈ្មួញនៅខេត្តបន្ទាយមានជ័យ ខ្លះមានអាជ្ញាប័ណ្ណ ខ្លះគ្មានអាជ្ញាប័ណ្ណ កាយយកអាចម៏ដីលក់ហើយ បានពង្រាបផ្ទៃដីភ្នំ ដែលបានកាយហើយគ្រប់គ្រងធ្វើកម្មសិទ្ធិ និងលក់តគ្នា ដែលបង្កអោយខូចសណ្តាប់ធ្នាប់ និងសោភ័ណភាពភ្នំ ហើយពិបាកក្នុងការវិនិយោគ ឬការអភិរក្ស តំបន់ភ្នំនៅកណ្តាលក្រុង ៕