Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន អបអរសាទរលទ្ធផលប្រឡងបាក់ឌុបឆ្នាំសិក្សា២០២១-២០២២

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានបង្ហាញអារម្មណ៍សប្បាយរីករាយជាមួយលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១-២០២២ ដោយបានបង្ហោះក្នុងបណ្តាញសង្គមដែលសរសេរថា ” ខ្ញុំសូមចូលរួមអបអរសាទរចំពោះបេក្ខជនដែលបានជាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១-២០២២ សម័យប្រឡង ៥ ធ្នូ ២០២២ ទាំងអស់គ្នា។ លទ្ធផលនៃការប្រឡងពិតជាបានឆ្លុះបញ្ចាំងនូវការព្យាយាមរៀនសូត្ររបស់ប្អូនៗសិស្សានុសិស្សក្នុងពេលកន្លងទៅ គួបផ្សំជាពិសេសជាមួយនឹងកិច្ចខិតខំប្រឹងប្រែង និងការលះបង់របស់លោកគ្រូ អ្នកគ្រូទាំងអស់គ្នាផងដែរ។ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រសួងអប់រំ យុវជន និងកីឡាចំពោះកិច្ចខិតខំប្រឹងប្រែងពង្រឹង និងពង្រីកគុណភាពអប់រំ ជាពិសេសរក្សាបាននូវសុក្រិតភាព និងសុចរិតភាពនៃការប្រលងថ្នាក់ជាតិគ្រប់ភូមិសិក្សាដោយឈរលើគោលការណ៍ «អ្នកចេះគឺជាប់»។ ជាមួយគ្នានេះ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ស្ថាប័នពាក់ព័ន្ធ ដែលរួមមាន អង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និង យុវជន សហភាពសហព័ន្ធយុវជនកម្ពុជាគ្រប់រូប ដែល បានចូលរួមចំណែកធ្វើឲ្យការប្រឡងនៅឆ្នាំសិក្សានេះប្រព្រឹត្តទៅបានដោយរលូន និងបានជោគជ័យ។ ធនធានមនុស្សគឺជាសសរស្តម្ភដ៏រឹងមាំរបស់ប្រទេសជាតិ និង សំរាប់ខេត្ត យើង ដែលជាចំណែកដ៏សំខាន់ក្នុងការកសាង អភិវឌ្ឍប្រទេសជាតិទាំងបច្ចុប្បន្ន និងអនាគត។ ទន្ទឹមនឹងនេះ សូមប្អូនៗដែលមិនបានជាប់ សូមកុំអស់សង្ឃឹម ហើយខិតខំព្យាយាមម្តងទៀតនៅឆ្នាំក្រោយ ឬអាចជ្រើសរើសមុខជំនាញវិជ្ជាជីវៈណាមួយដើម្បីជាមូលដ្ឋានសម្រាប់ប្រកបរបរចិញ្ចឹមជីវិតទៅតាមលទ្ធភាព និងសមត្ថភាពផ្ទាល់ខ្លួន។

បើតាមរបាយការណ៍លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តប៉ៃលិន បានឱ្យដឹងថា ៖ ស្ថិតិបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ០៥ ធ្នូ ឆ្នាំ២០២២នេះ គឺមានសិស្សមកប្រឡងសរុបចំនួន៥៥០នាក់ ស្រី៣១៧នាក់ សិស្សប្រឡងជាប់សរុបចំនួន៤០១នាក់ ស្រី២៥១នាក់។ ហើយសិស្សប្រឡងជាប់និទ្ទេស A ចំនួន០២នាក់(ស្រី) ជាប់និទ្ទេស B ចំនួន២៩នាក់ ស្រី២៥នាក់ ជាប់និទ្ទេស C ចំនួន ៦៦នាក់ ស្រី៤៣នាក់ ជាប់និទ្ទេស D ចំនួន១៣៦នាក់ ស្រី៨៧នាក់ និងនិទ្ទេស E ចំនួន១៦៨នាក់ ស្រី៩៤នាក់។