Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិន ធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក

ប៉ៃលិន ៖ រដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បានធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកំលាំងគ្រប់លំដាប់ថ្នាក់ ក្រុមប្រឹក្សាឃុំសង្កាត់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជន ស.ស.យ.ក.ខេត្ត យុវជនកាកបាទក្រហមខេត្ត និងយុវជនកាយរឹទ្ធិ របស់ខេត្តប៉ៃលិន ។ 

លោកគោស៊ុម ប៊ុនសឿត អភិបាលរងខេត្ត តំណាងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានប្រសាសន៍ថា យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោកនាពេលនេះ រៀបចំឡើងក្នុងគោលបំណងដើម្បី ពញ្ញាក់ស្មារតី ដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ទោចក្រយានយន្ត ឱ្យយកចិត្តទុកដាក់ខ្ពស់ និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅចូលរួមទប់ស្កាត់ កាត់បន្ថយចំនួនគ្រោះថ្នាក់ និង ចំនួនអ្នកស្លាប់ដែលបង្កដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យនៅកម្រិតទាបបំផុត។ លោកបន្តថា ទន្ទឹមនឹងការរីកចម្រើននៃប្រទេសជាតិ មធ្យោបាយធ្វើដំណើរតាមយានយន្តគ្រប់ប្រភេទមានការកើនឡើងយ៉ាងគំហុកនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទន្ទឹមនេះដែរ គ្រោះថ្នាក់ចរាចរណ៍ក៏មានកំនើនគួរជាទីព្រួយបារម្ភ។ ជាការពិតណាស់ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានបណ្តាលឱ្យបាត់បង់អាយុជីវិតសមាជិកគ្រួសារ ខូចខាតទ្រព្យសម្បតិ្តរដ្ឋ និងឯកជន បន្សល់នូវកុមារកំព្រា ស្ត្រីមេម៉ាយ ជនពិការ និងជនទុរគត ដែលបានជះឥទ្ធិពលដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ។ 

លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក( គ.ស.ច.គ.) បានសម្តែងនូវក្តីព្រួយបារម្ភចំពោះស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដោយសារចំនួនអ្នកស្លាប់នៅតែមានតួលេខខ្ពស់ ជាពិសេសចំនួនអ្នកស្លាប់ជាអ្នកប្រើប្រាស់ទោចក្រយានយន្ត និងអ្នកមិនពាក់មួកសុវត្ថិភាពនៅពេលមានគ្រោះថ្នាក់នៅតែមានចំនួនច្រើន។ ប្រការនេះ ទាមទារឱ្យអ្នកប្រើប្រាស់ផ្លូវគ្រប់រូប ត្រូវបន្តពង្រឹងស្មារតីប្រុងប្រយ័ត្នក្នុងពេលបើកបរ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។ 

លោកជំទាវ ក៏បានអំពាវនាវដល់ អាជ្ញាធរដែនដីភូមិ សង្កាត់ សូមសហការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវតាមភូមិសង្កាត់របស់ខ្លួន ឱ្យចូលរួមគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានព្រមៗគ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ ប្រកបដោយឆន្ទៈភ្ញាក់រលឹកខ្ពស់ សំដៅលើកស្ទួយកិត្តិយស សេចក្តីថ្លៃថ្នូរ និងសណ្តាប់ធ្នាប់សង្គមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ 

ក្នុងឱកាសនោះដែរលោកជំទាវក៍បានក្រើនរំលឹកឱ្យអ្នកប្រើប្រាស់ទោចក្រយានយន្តទាំងអស់ ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលធ្វើដំណើរមិនថានៅទីជិត ឬឆ្ងាយ ហើយចំពោះអ្នកប្រើប្រាស់រថយន្តគ្រប់ប្រភេទត្រូវពិនិ្យសុវត្ថិភាពលក្ខណៈបច្ចេកទេសយានយន្តមុនពេលចេញដំណើរ ដើម្បីការពារសុវត្ថិភាពរបស់ខ្លួន  ជាពិសេសត្រូចូលរួមក្នុងយុទ្ធនាការអំពីវិធានការទប់ស្កាត់ជំងឺ Covid-19 តាមរយៈការរក្សាគម្លាត ការពាក់ម៉ាសការពារ ការថែរក្សាសុខភាព និងអនាម័យខ្លួនប្រាណតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺ Covid-19 ផងដែរ ៕ 

ដោយ ៖ Pa J