Connect with us

ព័ត៌មានជាតិ

ទាហានថៃ ចាប់បញ្ជូនពលករខ្មែរជាង ១០០នាក់បន្ថែមទៀត មកកាន់ស្រុកកំណើត

បាត់ដំបង ៖ ពលករខ្មែរប្រុសស្រីជាង ១០០នាក់ ត្រូវបានទាហានថៃចាប់បញ្ជូនប្រគល់ត្រឡប់មកអោយ អាជ្ញាធរកម្ពុជាវិញ ក្រោយរកឃើញថា ពួកគាត់លួចឆ្លងដែនដោយគ្នានច្បាប់អនុញ្ញាត ។

លោកវរសេនីយ៍ឯក ម៉ង់ ស៊ី  មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៩ បានអោយដឹងថា ដោយអនុវត្តន៍តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំស្ដីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ  ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញា មេខ្យល់នាំពលករចេញដោយមិនស្របច្បាប់ក្នុងភូមិសាស្រ្ត ជាក់ស្តែងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ លោកបានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ ទៅទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។

បន្ទាប់ពីសាកសួរ កត់ឈ្មោះរួចឃើញថា ពលករខ្មែរដែលទទួលត្រឡប់មកស្រុកកំណើតនាព្រឹកនេះ សរុបមានចំនួន ១៥៩នាក់ ក្នុងនោះ ស្រី ៥៩នាក់ និងក្មេង១០នាក់ ត្រូវបានក្រុមគ្រូពេទ្យធ្វើតេសរហ័ស ជាលទ្ធផលវិជ្ជមានកូវីដ-១៩ ចំនួន០១នាក់(ស្រី) ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលស្រុកសំពៅលូន ដោយឡែកពលករចំនួន ១៥នាក់ ស្រី០៣នាក់ ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន  ហើយចំពោះពលករដែលទទួលបានកាតចាក់វ៉ាក់សាំង ត្រូវបានក្រុមគ្រូពេទ្យធ្វើការអប់រំណែនាំអំពីវិធានការ ការពារ ការឆ្លងជំងឺកូវី-១៩ រួចអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕

ដោយ ៖ សាលី