Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្រុកសង្កែចុះអនុវត្តបើកផ្លូវ០១ខ្សែដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

ខេត្តបាត់ដំបង! កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ អាជ្ញាធរនៃរដ្ឋបាលស្រុកសង្កែ ដែលដឹកនាំដោយលោក នាង ច័ន្ទថារ៉ា អភិបាលស្រុក បានចុះអនុវត្តបើកផ្លូវ០១ខ្សែ ជូនប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញក្រោយបុគ្គលមួយគ្រួសារធ្វើរបងបិទមិនអោយធ្វើដំណើរឆ្លងកាត់អស់រយៈពេលជាច្រើនខែ។

ជាមួយការចុះអនុវត្តបើកផ្លូវ០១ខ្សែរបស់អាជ្ញាធរខាងលើនេះដែរ ក្រុមគ្រួសារលោកស្រី ហួត សុគន្ធា រស់នៅចំណុចក្រុមទី១ ស្ថ្ថិតក្នុងភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង បានសម្តែងការមិនពេញចិត្តដោយចោទអាជ្ញាធរថាបានរំលោភបំពាននិងបំផ្លាញទ្រព្យសម្បត្តិ បំផ្លាញផលដំណាំដែលលោកស្រីបានដាំ ហើយក៏ជាដីកេរ្តិ៍របស់ម្តាយលោកស្រី និងបានចោទអាជ្ញាធរថា ឃុបឃិតគ្នារំលោភយកដី ទាំងដែលក្រុមគ្រួសារគាត់មិនទាន់យល់ព្រម និងសូមអោយសម្តេចជួយរកយុត្តិធម៌ផងដែរ។

ដោយឡែកចំពោះអាជ្ញាធរនិងប្រជាពលរដ្ឋជាង២០គ្រួសារបានបញ្ជាក់លើកឡើងថា ផ្លូវមួយខ្សែនេះគឺជាផ្លូវសាធារណៈដែលពួកគាត់បានធ្វើដំណើរឆ្លងកាត់តាំងពីឆ្នាំ៨០ជាងមកម្លេះ ហើយត្រូវបានបុគ្គលមួយគ្រួសារខាងលើធ្វើរបងបិទក្នុងអំឡុងបោះឆ្នោតឃុំសង្កាត់ថ្មីៗនេះ ដោយមិនអោយប្រជាពលរដ្ឋធ្វើដំណើរបានរហូតមានការប្តឹងផ្តល់គ្នាផងដែរ។

ហើយនៅក្នុងការចុះបើកផ្លូវឡើងវិញនេះដែរ ប្រជាពលរដ្ឋទាំងចាស់ទាំងក្មេងបានសម្តែងការសប្បាយរីករាយយ៉ាងខ្លាំង ដោយបានផ្លូវធ្វើដំណើរទៅប្រកបរបររកស៊ីនិងទៅសាលារៀនបានងាយស្រួលនិងជិតដោយមិនបាច់ជិះផ្លូវវាងដីរាប់គីឡូដូចមុនទៀត។