Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ជំរុញឱ្យអភិបាលខេត្តផ្សេងៗដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ដូចអ្វីដែលឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបាននឹងកំពុងធ្វើ

កំពត៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញអាជ្ញាធរ គ្រប់រាជធានីខេត្ត ត្រូវ​ខិតខំដោះស្រាយបញ្ហាទំនាស់ដីធ្លី​ ក្រៅប្រព័ន្ធតុលាការ ដោយ​គ្មាន​ភាព​លម្អៀង ហើយ​យក​គំរូ​តាម​ឯកឧត្តម ម៉ៅ ធនិន ​អភិបាលខេត្តកំពត​ កំពុងតែអនុវត្ត និងទទួលបានជោគជ័យជាបន្តបន្ទាប់ ។

ក្នុងធីបើកការដ្ឋានស្តារ ​និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ​ប្រវែងជាង៥៣គីឡូ ម៉ែត្រ និង​ផ្លូវជាតិលេខ៣៣ ប្រវែងជាង៥២គីឡូម៉ែត្រ នៅក្នុងខេត្តកំពត ​នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២២ សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ​បើអភិបាលរាជធានីខេត្តផ្សេងៗ ធ្វើ ដូច​អភិបាលខេត្ត​កំពត ​បញ្ហាទំនាស់ដីធ្លី​នឹងស្ងប់ ​ព្រោះគ្មានច្រើននោះទេ ​ដែល​កន្លែង​ខ្លះបញ្ហា ជម្លោះ​ដីធ្លីរវាងម្ដាយ ​និងកូន​ ឬបងប្អូនឯង ​រហូតប្ដឹងដល់តុលាការ ​ពេល​ដល់តុលាការហើយ មិន​អាច​កាត់​ឲ្យ​ស្មើនោះទេ ​ដោយ​អ្នកឈ្នះ ​ថាតុលាការយុត្តិធម៌ រីឯអ្នកចាញ់ថាអយុត្តិធម៌ ។

សម្ដេចតេជោ ​បានបន្តថា ​ដូចនេះសូមលើកទឹកចិត្ត ​ឲ្យដោះស្រាយក្រៅប្រព័ន្ធតុលាការ ហើយ​ខេត្តកំពត កំពុងដើរតួនាទីលើបញ្ហានឹង ​ដោយសម្ដេច បានជំរុញ ​ទៅឯកឧត្តម ម៉ៅ ធនិន ដាក់​កម្មវិធីជួបដោះស្រាយ ​ទាំងឲ្យពួកគាត់មកជួបផ្ទាល់ ​ឬចុះទៅទីតាំងផ្ទាល់​ ដើម្បីសម្របសម្រួល ។

ជាមួយនេះ​សម្ដេចតេជោ ហ៊ុន សែន ជំរុញ​បន្ថែមទៅអភិបាលខេត្តកំពត​ ត្រូវបន្តធ្វើ ​ការងារនេះ ហើយ​ធ្វើជាគំរូ ​លើការគ្រប់គ្រងបញ្ហាអសន្តិសុខ​ ឲ្យបានល្អប្រសើរ ​ព្រោះខេត្តនេះ កំពុង​មាន​ភាពទាក់ទាញខ្លាំងលើវិស័យទេសចរណ៍​ វិនិយោគ​ កសិកម្ម ​និងសេដ្ឋកិចជាដើម ៕