Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំភ្លើងបំភ្លឺនៅតាមសាធារណៈដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំ ២០២២-២០២៣ និងការតាំងពិព័រណ៍ម្ហូបអាហារ

ខេត្តបាត់ដំបង! ដើម្បីជាការទាក់ទាញដល់ភ្ញៀវជាតិ និងអន្តរជាតិ រដ្ឋបាលខេត្តបាត់ដំបងបានធ្វើការរៀបចំភ្លើងបំភ្លឺនៅតាមសាធារណៈដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំ ២០២២-២០២៣ និងការតាំងពិព័រណ៍ម្ហូបអាហារនៅថ្ងៃទី៣០-៣១ ខែធ្នូ ខាងមុខនេះ ជាពិសេសនឹងមានរៀបចំការប្រគុំតន្រ្ដី ការសម្ដែងសិល្បៈផ្សេងៗជាច្រើនផងដែរ ។

លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានអោយដឹងថា មួយរយៈចុងក្រោយនេះរដ្ឋបាលខេត្តបាត់ដំបងក្រោមការដឹកនាំរបស់ឯកឧត្តម សុខ លូ អភិបាលខេត្ត លោកបានគិតគូរខ្លាំងក្នុងការរៀបចំអបអរសាទរក្នុងព្រឹត្តិការណ៍បុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២២, ២០២៣ខាងមុខនេះ ដោយចាត់អោយមន្ទីរទេសចរណ៍ហើយនិងមន្ទីរវប្បធម៌ រួមជាមួយសាលាក្រុង សិក្សាធ្វើយ៉ាងណាជម្រុញការតាំងពិព័ណ៌ដើម្បីអបអរសាទរបុណ្យឆ្លងឆ្នាំសកល២០២២, ២០២៣នេះ។

ក្នុងពិធីនេះដែរក៏មានការចូលរួមពីមន្ទីរ ស្ថាប័នក្រុងស្រុកចំនួន៣៧ដោយបានរៀបចំជាតុម្ហូបអាហារនិងបង្អែមអ្នកបាត់ដំបង ដែលជាអត្តសញ្ញាណដែលយើងបានស្រាវជ្រាវកន្លងទៅនេះដែលទាក់ទងទៅនឹងទេសចរណ៍ម្ហូបអាហារនេះ ហើយនៅក្នុងនោះដែរនៅតាមបណ្តាមូលដ្ឋានអាជីវកម្ម ហើយនិងប្រជាជននៅក្នុងខេត្តបាត់ដំបងយើងទាំងមូលក៏ធ្វើការផ្សព្វផ្សាយអោយបងប្អូនយើងជ្រើសរើសមុខម្ហូបដែលជាអត្តសញ្ញាណសម្រាប់ខេត្តបាត់ដំបង ព្រោះខេត្តបាត់ដំបងសំបូរទៅដោយម្ហូបអាហារនិងបង្អែមឆ្ងាញ់ៗច្រើនមុខ។

លោកបន្តថា រហូតមកដល់ថ្ងៃនេះមានអាជីវករមកចូលរួមតាំងពិព័ណ៌សរុបបានចំនួន ៥២ទីតាំងដែលបានចូលរួមតាំងលក់ដូរចាប់ពីថ្ងៃទី៣០ ,៣១ រហូតដល់យប់ដែលរាប់ថយក្រោយហៅថាខោនដោន ដោយខាងរដ្ឋបាលខេត្តបានគិតគូរខ្លាំងក្នុងការរៀបចំនេះ ដោយអនុញ្ញាតអោយបងប្អូនប្រជាពលរដ្ឋទាំងអស់មានសិទ្ធិក្នុងការចូលរួមមកលក់ដូរដោយមិនបាច់ប្រើប្រាស់មធ្យោបាយណាមួយដែលលំបាកក្នុងការលក់ដូរទេ គឺគ្រាន់តែយកផលិតផល ម្ហូបអាហារ បាយ បង្អែមដោយខ្លួនឯងមកគឺអាចលក់បានហើយ។