Connect with us

ព័ត៌មានជាតិ

មិនមានជនជាតិខ្មែរស្លាប់ក្នុងហេតុការណ៍ឆេះកាស៊ីណូហ្គែនដាយមិន នៅប៉ោយប៉ែត

ប៉ោយប៉ែត៖លោកអ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យជាមួយនឹងការបិទបញ្ចប់ការរុករក ស្រាវជ្រាវរកជនរងគ្រោះដែលជាប់គាំង ក្នុងហេតុការណ៍ឆេះកាស៊ី ណហ្គែនដាយមិន នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទាំងស្រុងដោយប្រើប្រាស់ពេល ៣៩ម៉ោង គិតរហូតដល់រសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២បានរកឃើញអ្នកស្លាប់២៦នាក់និងអ្នករបួសចំនួន៥៧នាក់ ក្នុងនោះទាំងអ្នករបួស និង ស្លាប់ មិនមានជនជាតិខ្មែរឡើយ។ សម្រាប់ប្រតិបត្តិការជួយអន្តរាគមន៍គ្រោះ អគ្គិភ័យនេះ ខាងកម្ពុជាប្រើប្រាស់កម្លាំង១០០៩នាក់ និងខាង ថែចំនួន២២១នាក់។

សាកសពអ្នកស្លាប់ក្នុងហេតុការណ៍នេះ មានជនជាតិថៃ ចំនួន១៧នាក់, នេប៉ាល់ ម្នាក់, ម៉ាឡេស៊ីម្នាក់, សង្ស័យចិនម្នាក់ និងមិនស្គាល់អត្តសញ្ញាណ៦នាក់ (មិនមែន ជាតិខ្មែរ)។

  គួរជម្រាបថា ជនរងគ្រោះដែលនៅមានជីវិត ខ្លះត្រូវបានបញ្ជូនទៅសង្គ្រោះនៅ ប្រទេសថៃ និងខ្លះទៀត បញ្ជូនទៅមន្ទីរពេទ្យក្បែរកន្លែងកើតហេតុ នៅក្នុងប្រទេស កម្ពុជា។ បើតាមសេចក្តីរាយការណ៍ អគារកាស៊ីណូខាងលើមានបុគ្គលិកបម្រើការ ប្រុសស្រីប្រហែលជាង៤០០នាក់ ប៉ុន្តែការខូចខាតយ៉ាងណានោះ មិនទាន់អាច វាយតម្លៃបាននៅឡើយទេ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងសារចូលរួមមរណៈទុកក្នុង ឧបទ្ទវហេតុភ្លើងឆេះកាស៊ីណូនៅប៉ោយប៉ែតនេះផងដែរក្នុងពិធីបើកការដ្ឋាន់ស្ដារ កំណាត់ផ្លូវលេខ៣១ និងលេខ៣៣ នៅខេត្តកំពត ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។

  ក្នុងប្រតិបត្តិកាំររុករក និងសង្គ្រោះនេះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត បានចុះពិនិត្យ ចង្អុលបង្ហាញ ក្នុងការដោះស្រាយដើម្បីសង្គ្រោះជីវិតបងប្អូនជាប់គាំងក្នុងអគារនេះ។ អគ្គីភ័យនេះ បានកើតមានតាំងពីវេលាម៉ោង ១១៖៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ខណៈមូលហេតុ ត្រូវបានគេរាយការណ៍ជំហ៊ានដំបូងថា ឆ្លងចរន្តអគ្គិសនី ហើយបានរីករាលដាលតែម្ដង។ ទីតាំងដែលឆេះនេះមានពីរអគារ ដោយក្នុងនោះ ឆេះផ្តើមដំបូងចេញពីអគារហ្គេនដាយមិន និងរីករាលដាលទៅកាន់អគារប៉ោយប៉ែត រឹស។

ប្រតិបត្តិការនៅកន្លែងកើតហេតុ ធ្វើឡើងដោយកម្លាំងរបស់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយកងប្រតិបត្តិការរុករក និងសង្គ្រោះ ៧១១ នៃកងពលតូចលេខ៧០, កម្លាំងអាជ្ញាធរខេត្តមាន កម្លាំងនគរបាល អាវុធត្ត និង យោធា ព្រមទាំងមានការចូលរួមពីកងកម្លាំងសមត្ថកិច្ចរបស់ថៃផងដែរ៕