Connect with us

ព័ត៌មានជាតិ

ខេត្តបាត់ដំបងបានប្រារព្ធពិធីអបអរសាទរថ្ងៃបើក​បវេសនកាលឆ្នាំសិក្សាថ្មីសម្រាប់ឆ្នាំសិក្សា២០២២-២០២៣​

ខេត្តបាត់ដំបង! នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី សម្រាប់ឆ្នាំ២០២២.២០២៣ ដែលប្រារព្ធធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យនេតយ៉ង់ ស្ថិតក្នុងសង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។

នាឱកាសនេះដែរបន្ទាប់ពីលោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបងឡើងអានសុន្ទរកថាស្តីពីពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី និងវិស័យអប់រំនៅក្នុងខេត្តបាត់ដំបងរួចមក ឯកឧត្តម សុខ លូ អភិបាលខេត្ត បានឡើងអានសារលិខិតទាំងស្រុងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាស្តីពីពិធីបើកបវេសនកាលនាពេលនេះគឺត្រូវបានប្រារព្ធធ្វើឡើងទូទាំងប្រទេស។

ក្នុងនោះដែរឯកឧត្តម សុខ លូ បានមានប្រសាសន៍ថាសង្កត់ធ្ងន់ថា បើកយើងរក្សាសុខសន្តិភាពបានបែបនេះ នៅឆ្នាំ២០៣០ ប្រទេសខ្មែរយើងនឹងក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ហើយនៅឆ្នាំ២០៥០ ប្រទេសខ្មែរយើងនឹងក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់និងជឿនលឿន និងសូមអោយលោកគ្រូ អ្នកគ្រូ ទាំងអស់យកចិត្តទុកដាក់បង្ហាត់បង្រៀនដល់សិស្សានុសិស្ស ដែលជាប្អូនៗ កូនៗ ក្មួយៗទាំងអស់អោយគាត់បានអប់រំរៀនសូត្រអោយមានចំណេះដឹងខ្ពស់ ជាពិសេសជំនាញកុំព្យូទ័រ ព្រោះថ្ងៃខាងមុខគេលេងកាន់សៀវភៅហើយ គេកាន់តែលេបថតនិងកុំព្យូទ័រតែប៉ុណ្ណោះ។

បន្ថែមពីនេះ ឯកឧត្តមក៏បានអំពាវនាវអោយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ និងចូលរួមផ្សព្វផ្សាយបន្ថែម និងសូមអោយជៀសអោយឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនជាកង្វល់ដ៏ធំសម្រាប់យើងទាំងអស់គ្នា ដូច្នេះសូមលោកគ្រូ អ្នកគ្រូចូលរួមផ្សព្វផ្សាយអំពីបញ្ហា និងផលប៉ះពាល់អំពីគ្រឿងញៀន និងជាចុងក្រោយក៏សូមអំពាវនាវដល់បងប្អូនទាំងអស់ ទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ត្រូវចូលរួមចាក់វ៉ាក់សាំងដូសជំរុញ(ដូសទី៦) ព្រោះសម្តេចតេជោបានបើកអោយចាក់ដូសទី៦ហើយ ដោយសារតែរហូតមកដល់ថ្ងៃនេះកូវីដអត់ទាន់ទៅណាឆ្ងាយពីយើងទេ។