Connect with us

ព័ត៌មានជាតិ

ប្រធានអង្គការCOMPED ការបោះចោលសំរាមប្លាស្ទិកនៅក្នុងទឹក មិនត្រឹមតែបំផ្លាញគុណភាពទឹក ថែមទាំងបំផ្លាញមច្ឆាជាតិផងដែរ

បាត់ដំបង ៖ ប្រធានអង្គការCOMPED លោក ជោ គឹមហេង បានលើកឡើងថា ការបោះចោលសំរាមប្លាស្ទិកនៅក្នុងទឹក
មិនត្រឹមតែបំផ្លាញគុណភាពទឹកប៉ុណ្ណោះទេ ថែមទាំងបំផ្លាញមច្ឆាជាតិផងដែរ ព្រោះបំណែកថង់ប្លាស្ទិចធ្វើអោយត្រីច្រឡំជាចំណី ពេលលេបចូលក្នុងពោះវាធ្វើអោយក្រពះតឹងឆ្អែត លេងស៊ីចំណីផ្សេង គ្មានការលូតលាស់រហូតមានស្លាប់ជាបន្តបន្ទាប់។

លោកប្រធានអង្គការលើកឡើងដូច្នេះនៅពេលដែលលោកដឹកនាំក្រុមការងារចុះយុទ្ធនាការអប់រំដល់ សិស្សានុសិស្សក៏ដូចជាអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២២ នៅក្នុងសាលាឃុំអូរដំបង១ ស្ថិតក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។

បន្ថែមពីនេះលោកប្រធានអង្គការដដែលបានបញ្ជាក់ថា ក្នុងយុទ្ធនាការនេះជាសកម្មភាពមួយដែលកើតឡើងតាមរយះការឧបត្ថម្ភនិងរៀបចំដោយអង្គការ (oe oo)មានន័យថា (ផែនដីនិងសមុទ្រ)វាជាប្រភពតែមួយរស់នៅជាមួយគ្នា ត្រូវការគ្នាទៅវិញទៅមក បើយើងរស់នៅតំបន់នៅលើផែនដីឧស្សាហ៍បោះថង់ប្លាស្ទិចចោលទៅក្នុងទឹកវាធ្វើអោយប៉ះពាល់ដល់ត្រីផង និងប៉ះពាល់ដល់គុណភាពទឹកផងដែរ ព្រោះកាកសំណល់សំរាមវាដណ្ដើមយកអុកស៊ីសែនចេញពីទឹក ។

ជាមួយគ្នានេះលោកក៏សំណូមពរទៅដល់សិស្សានុសិស្ស ក៏ដូចជាអាជ្ញាធរមូលដ្ឋានផងដែរអោយមានការចូលរួមតៗគ្នាបញ្ឈប់ការបោះបាយ បោះសំរាម និងបោះថង់ប្លាស្ទិចចោលទៅក្នុងទឹក ព្រោះវាប្រៀបបាននឹងការបំផ្លាញចំណីរបស់ យើង នឹងបំផ្លាញអាហារបំប៉នរបស់យើងផងដែរ។