Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនកូនអកតញ្ញូម្នាក់ក្រោយយកដំបងឬស្សីចុងស្រួចវាយនិងចាក់ទៅលើឪពុកបង្កើត

បាត់ដំបង ៖​ ជនសង្ស័យជាកូនអកតញ្ញូម្នាក់ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសង្កែធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនក្រោយរត់គេចបាន០២ថ្ងៃ បន្ទាប់ពីប្រើអំពើហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយយកដំបងឬស្សីមុតស្រួចវាយនិងចាក់ទៅលើឪពុកបង្កើតខ្លួនឯងបណ្តាលអោយរងរបួសជាច្រើនកន្លែង។

ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យក្នុងករណីខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង០៦,៣០នាទី ថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២២ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងក្រុមទី២១ ភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ដែលជនសង្ស័យមានឈ្មោះ ហៀន ស៊ង ហៅ ហួច ភេទប្រុស អាយុ៣៨ឆ្នាំ ។

លោក ឈូក ប៊ុនធឿន នាយផ្នែកនគរបាលយុត្តិធម៌ បានអោយដឹងថា នៅថ្ងៃទី ២៤ ខែ មីនា ឆ្នាំ២០២២ វេលាម៉ោង ២១និង០០នាទី ចំណុចក្រុមទី២១ ភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែមានករណីអំពើហិង្សាក្នុងគ្រួសារ មួយកើតឡើងបង្កដោយជនសង្ស័យឈ្មោះ ហៀន ស៊ង ហៅហួច ភេទប្រុស អាយុ៣៨ឆ្នាំ បានធ្វើសកម្មភាពដោយយកដំបងឬស្សីចុងស្រួចប្រវែង ២,៣០ម៉ែត្រ វាយនិងចាក់ទៅលើឪពុកបង្កើតឈ្មោះ សយ ហៀន អាយុ៧៤ឆ្នាំ បណ្ដាលអោយរងរបួសចំត្រង់ៈ
-ក្បាលចំហៀងខាងស្តាំចំនួន០១កន្លែង
-ដើមដៃខាងស្តាំចំនួន០១កន្លែង
-សាច់ដុំដៃខាងឆ្វេងចំនួន០២កន្លែង
-ទ្រូងចំហៀងខាងឆ្វេងចំនួន០១កន្លែង
-ក្បាលពោះចំនួន០១កន្លែង
និងបានវាយទៅលើឈ្មោះ ហៀន សល់ ភេទស្រី អាយុ៣៥ឆ្នាំ ត្រូវជាប្អូន អោយរងរបួសក្បាល ខណៈដែលចូលមកឃាត់ បន្ទាប់មកជនសង្ស័យបានរត់គេចខ្លួនបាត់។

ក្រោយពេលទទួលបានពាក្យបណ្តឹងផ្ទាល់មាត់រួច ដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ ជាអធិការ ភ្លាមនោះកម្លាំងនគរបាលស្រុកសង្កែ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលតាប៉ុន បានធ្វើការស្រាវជ្រាវរហូតឈានឃាត់ខ្លួនជនសង្ស័យយកមកកសាងសំណុំរឿងដើម្បីបញ្ជូនបន្តទៅកាន់ការិយាល័យជំនាញចាត់ការតាមនីតិវិធី ។