Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី បាននាំយកថវិកាឧបត្ថម្ភសរុប១៨៤លានរៀល ឧបត្ថម្ភជូនដល់ គណបក្សឃុំ/សង្កាត់ចំនួន៦៧

បន្ទាយមានជ័យ៖ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ នៅមន្ទីរគណបក្សប្រជាជន ខេត្តបន្ទាយមានជ័យ ឯកឧត្ដម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី សមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំវាយតម្លៃការអនុវត្តផែនការសកម្មភាពការងារ គណបក្សជំហានទី១ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរជ័យពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្ដេចក្រឡាហោម ស ខេង សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ សម្តេចពិជ័យសេនា ទៀបាញ់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស ជូនចំពោះ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ជាសមាជិក សមាជិកាគណបក្ស បងប្អូនជនរួមជាតិក្នុងខេត្តបន្ទាយមានជ័យទាំងអស់ សូមប្រកបតែនឹងពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានសំដែងនូវការកោតសរសើរចំពោះវឌ្ឍនភាពនៃការអភិវឌ្ឍខេត្តបន្ទាយមានជ័យជាបន្តបន្ទាប់ក្នុងរយៈពេលកន្លងមកដែលកើតឡើងពីការលះបង់ទាំងកម្លាំងកាយ បញ្ញា ស្មារតី ថវិកា និងសម្ភារៈ របស់ក្រុមការងារ គណបក្សគ្រប់លំដាប់ថ្នាក់ អាជ្ញាធរដែនដី វិស័យសាសនា វិស័យឯកជន និងបងប្អូនប្រជាជនទាំងអស់។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្ស បានដាក់ចេញនូវយុទ្ធសាស្រ្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍគ្រប់វិស័យ។

ផ្អែកតាមរបាយការណ៍ស្តីពីការអនុវត្តសកម្មភាពការងារគណបក្សជំហានទី១ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណបក្សគ្រប់ជាន់ថ្នាក់ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ដើម្បីចូលរួមអនុវត្តសកម្មភាពការងារជំហានទី១ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ រហូតដល់បានលទ្ធផលតាមការគ្រោងទុក លើការងារសំខាន់ៗរួមមាន ការកែលម្អរនូវសេវាសារធារណៈកាន់តែល្អប្រសើរនិងឆ្លើយតបតាមតម្រូវការជាក់ស្តែង ការពង្រឹងមូលដ្ឋាន និងការគ្រប់គ្រងសមាជិក កាន់តែមានប្រសិទ្ធិភាព ការរៀបចំគណបញ្ជាការយុទ្ធនាការបោះឆ្នោតបានរួចរាល់ ការបណ្តុះបណ្តាល និងផ្សព្វផ្សាយកាន់តែទូលំទូលាយ រួមនិងផែនការសកម្មភាពគណបក្សសំខាន់ៗផ្សេងៗបានអនុវត្តរួចរាល់និងមានប្រសិទ្ធភាព។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានណែនាំដល់សមាជិក សមាជិកា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធ ត្រូវអនុវត្តនូវរាល់ផែនការសកម្មភាពជំហានទី២បន្តទៀត បន្តផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែល្អ និងរហ័ស បន្តផ្សព្វផ្សាយសមិទ្ធិផល និងការងារគណបក្សដល់មូលដ្ឋាន បន្តចូលរួមអនុវត្តគោលនយោបាយគណបក្ស និងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ របស់រាជរដ្ឋាភិបាល និងការទប់ស្កាត់ជំងឺកូវីដ-១៩ តាមរយៈការបន្តចូលរួមចាក់វ៉ាក់សាំង និងវិធានការសុខាភិបាលនានា។

ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បាននាំយកថវិកាឧបត្ថម្ភសរុប១៨៤លានរៀល ឧបត្ថម្ភជូនដល់ គណបក្សឃុំ/សង្កាត់ចំនួន៦៧ ក្នុងមួយឃុំ/សង្កាត់ៗ ទទួលបានថវិកា២លានរៀល និងក្រុមការងារយុវជនគណបក្សនូវថវិកាចំនួន៥០លានរៀល ផងដែរ។