Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋនៅសង្កាត់លេខ ១ ក្រុងព្រះសីហនុមានការសប្បាយចិត្តបន្ទាប់ពីរដ្ឋបាលខេត្តបានប្រកាសកំណត់តំបន់វិនិច្ឆ័យការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ។

ព្រះសីហនុ​៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ (ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ) នៅភូមិ១ ភូមិ២ និងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី ២៨ ខែមីនាឆ្នាំ ២០២២។

លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានលើកឡើងថា ការចុះបញ្ជីដីធ្លីនេះ គឺត្រូវចុះបញ្ជីទាំងដីឯកជន និងដីរដ្ឋ ដែលអនុវត្តតាមនីតិវីធី និងបច្ចេកវិទ្យាទំនើប តម្លាភាព និងការទទួលខុសត្រូវខ្ពស់ ហើយមានប្រសិទ្ធិភាពលើការគ្រប់គ្រងដីធ្លី ដែលបានកំណត់នៅក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រ ទំនាស់ដីធ្លីនៅក្នុងសង្គម និងការអភិវឌ្ឍប្រទេសជាតិ។

លោក ចេង ស្រុង បានបញ្ជាក់ទៀតថា សូមឱ្យបងប្អូនប្រជាពលរដ្ឋភ្ជាប់មកជាមួយនូវឯកសារ រួមមានដូចជា សំបុត្រកំណើត សំបុត្របញ្ជាក់កំណើត សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្របញ្ជាក់មរណភាព និងឯកសារដែលពាក់ព័ន្ធទៅនឹងការកាន់កាប់ដីធ្លីរបស់ខ្លួន  និងសូមឱ្យម្ចាស់ដីទាំងអស់ មេត្តាចូលរួមដោយផ្ទាល់ក្នុងការចង្អុលបង្ហាញ និងកំណត់ព្រំនៃក្បាលដីរបស់ខ្លួន ឱ្យបានត្រឹមត្រូវច្បាស់លាស់។

មានប្រសាសន៍នៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ការកំណត់ប្រកាសតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋភូមិ១ ភូមិ២ និងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលបងប្អូនទន្ទឹមរង់ចាំជាយូកន្លងមកហើយការចុះបញ្ជីនេះឧត្តមនិងជម្រុញឲ្យការចុះបញ្ជីដីធ្លីជូនបងប្អូនបានលឿនឆាប់ ដើម្បីបងប្អូនទទួលបានកម្មសិទ្ធិស្របច្បាប់។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា នាពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយច្បាស់លាស់ប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាតារារះនាទិសនីរតី ហើយរាជរដ្ឋាភិបាល បានបង្កើតគណៈកម្មការបច្ចេកទេសជាច្រើន ដើម្បីជួយដឹកនាំអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យមានការរីកចម្រើន។ គោលដៅរបស់យើងចង់ពង្រីកក្រុងរបស់យើងឱ្យកាន់តែធំ ដើម្បីបំរើផលប្រយោជន៍បងនប្អូនប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យកាន់តែល្អប្រសើរ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយមន្ត្រីជំនាញនិងសូមត្រៀមឱ្យបានរួចរាល់នូវឯកសារពាក់ព័ន្ធនានាដើម្បីឱ្យដំណើរនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅភូមិ១ ភូមិ២ និងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ បានដំណើរការទៅភាពរលូន និងសម្រេចតាមផែនការគ្រោងទុក៕