Connect with us

ព័ត៌មានជាតិ

ផ្ទះប្រជាពលរដ្ឋ នៅស្រុកកំពង់ស្វាយ ត្រូវជួបឧប្បទ្ទវហេតុ ខ្យល់កន្ត្រាក់ធ្វើឲ្យខូចខាតផ្ទះសម្បែង​ចំនួន១៧ខ្នងផ្ទះ​

កំពង់ធំ៖ ផ្ទះប្រជាពលរដ្ឋចំនួន១៦ខ្នង ត្រូវខូចខាត ក្នុងនោះមាន ១ខ្នងផ្ទះត្រូវខូចខាតទទាំងស្រុង ដោយសារតែរូបផលប៉ះពាល់ដោយសារតែខ្យល់កន្ត្រាក់។

ហេតុការណ៍គ្រោះធម្មជាតិនេះបានកើតឡើងវេលាម៉ោងប្រមាណ ៨ :៣០នាទីយប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិអូរំដេង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោក ហេង និត មេភូមិរំដេង​ ស្រុក​កំពង់​ស្វាយ​ ឃុំសាន់គរ​ បាន​ប្រាប់ឲ្យដឹងថា នៅវេលាម៉ោងប្រមាណ ៨ៈ៣០នាទី នៅថ្ងៃកើតហេតុខាងលើ នៅភូមិរបស់លោក មានភ្លៀង ផ្គរ រន្ទះ លាយឡំទៅដោយខ្យល់យ៉ាងខ្លាំង ក៏បានធ្វើឱ្យផ្ទះប្រជាពលរដ្ឋទទួលរងខូចខាតមួយចំនួនផងដែរ។

លោកមេភូមិបានបញ្ជាក់ឲ្យដឹងដែរថាក្នុងនោះមានចំនួន ១៥ខ្នងផ្ទះ របើកដំបូល រលំសសរ របើកជញ្ជាំង និងខូចខាតទ្រព្យសម្បត្តិអស់មួយចំនួនធំ។

ដោយឡែកផ្ទះ១ខ្នង ដែលមានម្ចាស់ឈ្មោះ រស់ ភ័ក្រ ភេទប្រុស អាយុ២៧ឆ្នាំ ដែលមានប្រពន្ធឈ្មោះ មួន ធារ៉ា អាយុ២៥ឆ្នាំ ដែលមានទីលំនៅ ភូមិ ឃុំខាងលើ គឺខូចខាតទាំងស្រុង ព្រមទាំងបាត់បង់ទ្រព្យសម្បត្តិមួយចំនួនធំផងដែរ។

ជាមួយគ្នានេះលោកមេភូមិ ហេង និត សូមអំពាវនាវអោយប្រជាពលរដ្ឋត្រូវបង្កើនការយកចិត្តទុកដាក់លើបញ្ហាបាតុភូតធម្មជាតិដែលកើតមានឡើងដោយយថាហេតុដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា។

គួរបញ្ជាក់ផងដែរក្នុងហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះមិនបណ្ដាលឱ្យប្រជាពលរដ្ឋរងរបួសឬគ្រោះថ្នាក់ដល់អាយុជីវិតឡើយ៕