Connect with us

ព័ត៌មានជាតិ

«ជីពេជ្រ»​ពពោះ​រយៈពេល​២ឆ្នាំ ទើបនឹងកើតលើទឹកដីខេត្តមណ្ឌលគិរី 

មណ្ឌលគិរី៖ «ជីពេជ្រ» ពពោះ​រយៈពេល​២ឆ្នាំ ដែលទើបនឹងកើតលើទឹកដីខេត្តមណ្ឌលគិរី  ​។ ជីពេជ្រជាកូនដំរីស្រុកកាត់ព្រៃមួយក្បាល មានម្ដាយឈ្មោះ«ជីប៉ាល់» ជាដំរីស្រុកញីតែមួយគត់នៅខេត្តមណ្ឌលគិរី ដែលទើបបង្កើតបានកូនញីមួយក្បាលឈ្មោះនាង «ជីពេជ្រ» កាលពីព្រឹកថ្ងៃច័ន្ទទី២២ ខែ មីនា ឆ្នាំ២០២២។

ប្រធានអង្គការ ELIE បានលើកឡើងថា ពិតជាមាន​សេចក្ដី​រំភើប​រីករាយ​បំផុតព្រោះ​ជា​លើកទីមួយ​ហើយដែលមានកូនដំរីស្រុកកាត់ដំរីព្រៃ នៅលើទឹកដីនៃខេត្តមណ្ឌលគិរី។ កញ្ញា បានពន្យល់ថា មូលហេតុដែលដាក់ឈ្មោះ «ជីពេជ្រ» គឺដោយសារកូនដំរីញីនេះ មានតម្លៃស្មើគ្រាប់ពេជ្រ​មួយគ្រាប់​ដែល​បានចាប់កំណើត នៅខេត្តមណ្ឌលគិរី។

កញ្ញា បានបន្តទៀតថា អ្នកទាំងអស់គ្នាប្រហែលជាអាចចាំបានថា ២ឆ្នាំមុន មានដំរីព្រៃឈ្មោល​មួយក្បាល​បានចេញពីតំបន់ការពារនៃដែនជម្រកសត្វព្រៃកែវសីមា ហើយ​បាន​ដើរឆ្លងកាត់ ព្រៃ​សហគមន៍ពូត្រំ រហូតបានមកដល់ Elephant Valley Project របស់យើង បន្ទាប់មកបាននាំ​ជីប៉ាល់​ទៅក្នុងព្រៃជាមួយរយៈពេល២សប្តាហ៍ ដែលជាលទ្ធផលធ្វើឱ្យនាង (ជីប៉ាល) មានផ្ទៃពោះដោយ​មិនបានព្រៀងទុក ។ កញ្ញា បានបន្តទៀតថា ម្តាយ​នឹងកូនមានសុខភាពល្អបន្ទាប់ពី​បាន​សម្រាលកូនបានបីថ្ងៃ ​ដែលជីប៉ាល់បានអស់កម្លាំងខ្លាំងបន្ទាប់ពីសម្រាល ជីពេជ្រ ។

កញ្ញា បានបន្តទៀតថា មុនដំបូងយើងមានការ​ព្រួយបារម្ភ​ខ្លាំងខ្លាចមេដំរីខឹង នឹង​ខ្លាចកូនដំរី​ហើយ​រត់ទៅឆ្ងាយ ប៉ុន្តែអ្វីដែលយើងគិតគឺខុសស្រឡះ​ ព្រោះនាង​បាន​បង្ហាញក្តីស្រលាញ់ ការពារ​យកចិត្តទុកដាក់ចំពោះកូន​ បំបៅដោះកូន​ ធ្វើអោយកូន​រឹងមាំ​នឹង​សុខភាពល្អ។

បច្ចុប្បន្ន ជីពេជ្រ ​មានសុខភាពល្អ ​ក្រោមការមើលថែរបស់ក្រុមការងារ​អភិរក្សសត្វដំរី នឹង​ម្តាយ​របស់​នាងផងដែរ។ ក្នុងនាមមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ​ជានិច្ចកាល​តែងតែ​គាំទ្រ​ទៅ​លើ​សកម្មភាព​អភិរក្ស ​ធនធានធម្មជាតិ វប្បធម៌ ​ប្រពៃណី​ទំនៀមទម្លាប់​របស់​បង​ប្អូនជន​ជាតិដើម​ភាគតិច​ព្នង​នៅក្នុងខេត្តមណ្ឌលគិរី៕