Connect with us

ព័ត៌មានជាតិ

ពលរដ្ឋងាយរងគ្រោះបំផុតជាជនជាតិ(ព័រ) ចំនួន១០០គ្រួសារនៅស្រុកសំឡូត ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហម

ខេត្តបាត់ដំបង ! នៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងនិងសហការីបានអញ្ចើញសំណេះសំណាលនិងនាំយកអំណោយមនុស្សធម៌របស់សាខាខេត្តផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលជាជនជាតិព័រ ចំនួន១០០គ្រួសារ ដែលរស់នៅតំបន់ដាច់ស្រយាលស្ថិតក្នុងភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។

នាឱកាសនោះ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថា ដោយមើលឃើញពីផលលំបាករបស់ប្រជាពលរដ្ឋ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ទាំងនេះចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតជាជនជាតិព័រ និងបាននាំនូវព្រះរាជបណ្តាំពី ហ្លួងម៉ែ នរោត្តម  មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ដែលផ្តាំផ្ញើសួរសុខទុក្ខ  ដោយក្តីអាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនដោយក្តីនឹករលឹកយ៉ាងជ្រាលជ្រៅជាទីបំផុត។

ជាមួយនឹងការផ្តល់អំណោយសម្រាលការលំបាកទាំងអស់នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏តែងតែយកចិត្តទុកដាក់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ ដូច្នេះតាមរយៈក្នុងអង្គពិធីថ្ងៃនេះ លោកជំទាវអគ្គលេខាធិការរងទី១ ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវថែទាំសុខភាព បរិភោគទឹកឆ្អិន រស់នៅមានអនាម័យល្អ  ចំពោះស្ត្រីមានកូនតូច ឬមានផ្ទៃពោះសូមទៅពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យជំនាញយ៉ាងតិចឱ្យបាន ៤ដង ហើយត្រូវសម្រាលកូននៅមណ្ឌលសុខភាព ហើយបើបងប្អូនមានជំងឺសូមប្រញាប់ទៅកាន់មន្ទីរពេទ្យឬមណ្ឌលសុខភាពនៅជិតបំផុតឱ្យបានទាន់ពេលវេលា កុំបង្អង់យូរដែលនាំគ្រោះថ្នាក់ដល់អាយុជីវិត។

ជាមួយគ្នានេះឯកឧត្តមប្រធាន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋសូមយកចិត្តទុកដាក់អំពីសុវត្ថិភាពក្នុងការធ្វើដំណើរលើដងផ្លូវជៀសវាងមានគ្រោះថ្នាក់ចរាចរណ៍ ព្រោះថាសម័យកាលមុនមានបងប្អូនយើងជាច្រើនបានរងគ្រោះធ្លាក់ខ្លួនពិការដោយសារសង្គា្រម តែបច្ចុប្បន្ននេះយើងរស់នៅក្រោមដំបូលនៃសុខសន្តិភាព យើងក៏មិនត្រូវបណ្តោយខ្លួនយើង ឱ្យក្លាយទៅជាជនពិការដោយសារតែគ្រោះថ្នាក់ចរាចរណ៍នោះដែរ ទន្ទឹមនឹងនោះក៏ត្រូវខិតខំកសាងសុភមង្គលគ្រួសារ ដោយមិនត្រូវប្រើអំពើហិង្សាក្នុងគ្រួសារ និងសូមជៀសវាងការប្រព្រឹត្តទង្វើគ្រប់បែបយ៉ាងដែលនាំឱ្យការកើតមានអំពើហិង្សាក្នុងគ្រួសារ។

បន្ថែមពីនេះ សូមប្រជាពលរដ្ឋនាំគ្នាទៅទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមកាលកំណត់ឱ្យបានគ្រប់ៗគ្នា បើទោះបីជាប្រទេសយើងបានឆ្លងផុតពីគ្រោះថ្នាក់នៃជំងឺនេះក៏ដោយ តែពិភពលោកទាំងមូលមិនទាន់លុបបំបាត់ជំងឺនេះទាំងស្រុងនោះឡើយ ដូច្នេះត្រូវនាំគ្នាការពារទើបប្រសើរ។

សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួមមាន ៖ -អង្ករ ២៥គីឡូក្រាម, មី ១កេស,ទឹកត្រី១យួ,ទឹកស៊ីអ៉ីវ១យួរ ទឹកបរិសុទ្ធ១កេស និងត្រីខ ១០កំប៉ុង បន្ថែមពីនោះ គណៈប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានអញ្ជើញបូជាទៀនធូប ផ្កាភ្ញីថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យទានប្រគេន វត្តភ្នំរៃ ឃុំតាតោក ស្រុកសំឡូត រួមមាន ៖ -អង្ករ ២០០គីឡូក្រាម, មី ៥កេស, ត្រី៥កេស -ទឹកត្រី៥យួ, ទឹកស៉ីអ៉ីវ៥យួរ,ទឹកសុទ្ធ ១០កេស, និងថវិកាមួយចំនួនផងដែរ។