Connect with us

ព័ត៌មានជាតិ

លោកលី សារី បេីកការដ្ឋានសាងសង់ផ្លូវ ពីរខ្សែ​ជាង២០០០ម៉ែត្រ​​ នៅស្រុកអូរជ្រៅ​

បន្ទាយមានជ័យ​ ៖​ ផ្លូវចំនួនពីរខ្សែ​ប្រវែងជាង២០០០ម៉ែត្រ​​ នៅស្រុកអូរជ្រៅ​ ក្នុងឃុំចំនួន២​​ ត្រូវបានប្រែក្លាយ​ ស្ថាបនាទៅជាផ្លូវបេតុង​ ជាគម្រោងរបស់​ គម្រោងកាត់បន្ថយភាពក្រីក្រ​ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច​ តំបន់បឹងទន្លេសាប​ ជំហាន២​ (TSSD-AF​)​ ​ត្រូវបានបេីកការដ្ឋានសាងសង់នៅថ្ងៃទី២០​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ ក្រោមអធិតីភាព​លោក​ លី​ សារី​ អភិបាលរងខេត្ត​ តំណាងឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ ។

លោក​ លី​ សារី​ អភិបាលរងខេត្ត​ បានលើកឡើងថា​ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជាប្រទេសជាតិមានការអភិវឌ្ឍ រីកចម្រេីនយ៉ាងឆាប់រហ័ស មិនថាទីក្រុង​ ឬជនបទឡេីយ។ ជាក់ស្តែងនៅក្នុងខេត្តបន្ទាយមានជ័យ​ មានការអភិវឌ្ឍរីកចម្រើនជាខ្លាំង​ ក្នុងនោះ​ ផ្លូវមួយចំនួនបានប្រែក្លាយពីផ្លូវ​ដី​ គ្រួសក្រហម​ ទៅជាបេតុង​ កៅស៊ូជាដេីម​ ដេីម្បីសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ​ ប្រកបរបរកស៊ី​ ក៏ដូចជាសិស្សានុសិស្សងាយស្រួលក្នុងការសិក្សារៀនសូត្រជាដេីម។ លោកបន្តថា​ កត្តាទាំងអស់នេះ​ ដោយសារកត្តាសុខសន្តិភាព​ ក្រោមគោលនយោបាយឈ្នះឈ្នះ​ របស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ ដែលសម្តេចបានខិតខំក្នុងការរំដោះជាតិកម្ពុជាបាន ចេញពីរបបប៉ុលពត​ រហូតមានការអភិវឌ្ឍលើគ្រប់វិស័យស្ទេីមិនគួរឱ្យជឿ។

ជាមួយនឹងការទទួលបាននូវសមិទ្ធផល​ថ្មី​នេះ​ លោក​បានអំពាវនាវ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៅពេលដែលដំណើរការ​ នៃការសាងសង់ផ្លូវបេតុងរួចរាល់​ សូមឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសមិទ្ធលទ្ធភាពឱ្យបានគង់វង្សយូអង្វែង ។

សូមបញ្ជាក់ថា​ ផ្លូវមួយខ្សែដែលគ្រោងបើកការដ្ឋានសាងសង់នៅឃុំចង្ហា​ មានប្រវែង​ ១០០០ម៉ែត្រ ផ្លូវបេតុមួយខ្សែនេះ ឆ្លងកាត់ចំនួន៤ភូមិ បម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋទូទាំង។ ដោយឡែក​ នៅឃុំគុត្តសត​ មានប្រវែង១០៥០ម៉ែត្រ​។ គម្រោងស្ថាបនាផ្លូវបេតុងនេះ​ គឺជាគម្រោងរបស់ឃុំ ប្រើប្រាស់ថវិកាគម្រោងកាត់បន្ថយភាពក្រីក្រ និង អភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់បឹងទន្លេសាបជំហាន២(TSSD-AF)​ ដែលត្រូវចំណាយប្រមាណជាង៤១ម៉ឺន​ដុល្លារ​ ដែលទទួលម៉ៅការសាង់សងដោយក្រុមហ៊ុន​ ធី.អេស.ខេ​ ខនស្ត្រាក់សិន​ ខូអិលធីឌី​ (T.S.K Construction Co., Ltd) ៕