Connect with us

ព័ត៌មានជាតិ

រថយន្តដឹកអង្កាម តទ្រុងខុសបច្ចេកទេស ហើយដឹកហុយអង្កាមរាយប៉ាយពេញផ្លូវចូលភ្នែកអ្នកដំណើរ

បាត់ដំបង ៖ រថយន្តដឹកអង្កាមប្រភេទយីឌុប ដែលកំពុងធ្វើចរាចរណ៍ ដឹកអង្កាមនៅតាមផ្លូវជាតិលេខ៥ និងលេខ៦ នៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប កំពុងតែបង្ករបញ្ហាយ៉ាងខ្លាំង ដល់ការធ្វើដំណើរតាមផ្លូវសាធារណៈ ជាពិសេសរថយន្តទាំងអស់នេះ មិនត្រឹមតែកែច្នៃទ្រុងខ្ពស់ប៉ុណ្ណោះទេ ថែមទាំងបានបង្កឲ្យមានអង្កាមជ្រុះរាយប៉ាយ ពេញផ្លូវនិងហុយចូលភ្នែកអ្នកធ្វើដំណើរតាមដងផ្លូវទៀតផង ។

ជាក់ស្ដែងកាលពីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ តាមការឲ្យដឹងពីអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៥ ចន្លោះពីស្រុកថ្មគោលមកក្រុងបាត់ដំបង បានឲ្យដឹងថា មានរថយន្តដឹកអង្កាមប្រភេទយីឌុប ១គ្រឿង ដែលបានតទ្រុង វែងនិងខ្ពស់ ដោយដែកបិទបាំងដោយការ៉ុង និងស្បៃយ៉ាងវែង បានបើកបរយ៉ាងលឿនក្នុងល្បឿនប្រមាណជា ១០០គីឡូម៉ែត្រក្នុងមួយម៉ោង និងបានបង្ហុយកំទេចអង្កាម ហុយរាយប៉ាយពេញផ្លូវ ជាតិលេខ៥ ចំណុចចន្លោះពីទីរួមស្រុកថ្មគោល ដល់ស្ពានអូរតាគីត្រូវនគរបាលចរាចរឃាត់ត្រួកពិនិត្យក្រោយមានការរាយការណ៍ ពីប្រជាពលរដ្ឋ ដល់សមត្ថកិច្ចនគរបាលចរាចរណ៍ ដែលឈរជើងនៅគោលដៅ ជិតស្ពានអូរតាគីទៅមុខលេងរួចព្រោះ សមត្ថកិច្ចនគរបាល បានស្ទាក់ឃាត់រថយន្តខាងលើ ដើម្បីអនុវត្តទៅតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា ជារៀងរាល់ថ្ងៃ ជាពិសេសនៅរសៀល គេតែងឃើញមានរថយន្តដឹកអង្កាមធុនធំៗ ជាច្រើនគ្រឿង តែងដឹកអង្កាមសំពីងសំពោង តាមដងផ្លូវជាតិលេខ៥ និងលេខ៦ ឆ្ពោះទៅព្រំដែនកម្ពុជាថៃ និងបន្តយកទៅលក់នៅប្រទេសថៃ បានបើកដឹកអង្កាមគ្មានបច្ចេកទេសគ្របត្រឹមត្រូវ ធ្វើឲ្យអង្កាមជ្រុះហុយរាយប៉ាយពេញផ្លូវ ដែលជាហេតុបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសសម្រាប់ប្រជាពលរដ្ឋបើកបរម៉ូតូ ៕