Connect with us

ព័ត៌មានជាតិ

អភិបាលក្រុងសិរីសោភ័ណ ៖ ផ្លូវលំទូទាំងសង្កាត់ម្កាក់ ត្រូវបានជួសជុល និងឈូសឆាយ សម្រួលដល់ការធ្វើដំណើរឡើងវិញ

បន្ទាយមានជ័យ ៖ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ មានប្រសាសន៍ថា ផ្លូវទូទាំងសង្កាត់ម្កាក់ដែលមាន៧ភូមិ កំពុងត្រូវបានជួសជុល ឈូសឆាយ អោយបានល្អឡើងវិញ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ ។

ការជួសជុលឈូសឆាយឡើងវិញនេះ មានការចូលរួមឧបត្ថម្ភថវិកា និងថ្មពីក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយភូមិនៃសង្កាត់ម្កាក់ ។

ជាក់ស្តែងកាលពីចុងសប្តាហ៍កន្លងទៅនេះ រូបលោករួមនឹងក្រុមការងារចុះជួយភូមិនីមួយៗ នៃសង្កាត់ម្កាក់ រួមមានលោក ផូ សុីតាល់ លោក សុិន សុខមាន លោក ឡៅ សំព័រ និងក្រុមការងារមួយចំនួនទៀត បានចុះជាក់ស្តែង ពិនិត្យការសម្រួលផ្លូវឡើងវិញ នៅចំណុចភូមិឈូក និងបានផ្តល់ថវិការសម្រាប់ជួសជុលផ្លូវឡើងវិញ ដល់ម្ចាស់គ្រឿងចក្រ ដែលកំពុងដំណើរការជួសជុល ។

លោក ស្រេង សុផល បានអោយដឹងទៀតថា ការជួសជុលនេះ តាមការប៉ាន់ប្រមាណ គឺ ត្រូវចំណាយថវិកាប្រមាណជាង ២០លានរៀល ដោយយើងធ្វើការជួសជុលជាបន្តបន្ទាប់ មិនអោយពុកម៉ែបងប្អូន ពិបាកធ្វើដំណើរឡើយ ។

លោកបានអោយដឹងទៀតថា មិនមែនតែសង្កាត់ម្កាក់ទេដែលត្រូវជួសជុល និងធ្វើផ្លូវ គឺ ផ្លូវនៅសង្កាត់ដទៃទៀតនៃក្រុងសិរីសោភ័ណ គឺ មានផ្លូវជាច្រើនខ្សែរ កំពុងត្រូវបានស្ថាបនាជាផ្លូវបេតុង ផ្លូវថ្មមិច ជាពិសេសតាមរយៈគម្រោងផ្លូវបេតុង និងគម្រោងកែលំអរបរិស្ថានជុំវិញបឹងទន្លេសាប លើប្រព័ន្ធទឹកកខ្វក់ និងទឹកភ្លៀងលើកទីពីរ ក្រុងសិរីសោភ័ណ ដែលកំពុងដំណើរការ ធ្វើអោយក្រុងសិរីសោភ័ណ មានផ្លូវខ្វាត់ខ្វែងល្អស្អាត ជៀសផុតពីការលិចលង់ ដោយទឹកភ្លៀង ឬស្ទះលូ ។

តាមរយៈគម្រោងខាងលើ លោកសូមអោយពុកម៉ែបងប្អូន មេត្តាអធ្យាស្រ័យ និងយោគយល់ ជួយចូលរួមសម្របសម្រួល បង្កលក្ខណៈងាយស្រួល ដល់ក្រុមការងារស្ថាបនាផ្លូវ និងប្រព័ន្ធលូទៅតាមការគ្រោងទុក ៕