Connect with us

ព័ត៌មានជាតិ

ស្លាប់កូនកំលោះ របួសកូនក្រមុំ ជិតចូលរោងការខណៈជិះគោយន្ត យកលុយទៅប្រគល់ឲ្យខាងស្រី

បន្ទាយមានជ័យ ៖ ហេតការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានឆក់យកជីវិតកូនកំលោះ និងកូនក្រមុំរងរបួសធ្ងន់ ខណៈជិៈគោយន្តកន្ត្រៃជាមួយបងជីដូនមួយ យកលុយទៅប្រគល់ជូនខាងស្រី ដើម្បីរៀបមង្គលការ។

ហេតុការណ៍កើតឡើងនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ចំណុចខាងកើតវត្តគោករមៀត ស្ថិតនៅភូមិគោករមៀត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

សេចក្តីរាយការណ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ឈ្មោះ ឡាត់ សុខា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិបឹងតាស្រី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានបើកបរគោយន្ដកន្ត្រៃ យកលុយទៅប្រគល់ឲ្យម្តាយឪពុកខាងស្រី នៅភូមិគោកត្រាច ឃុំគោកស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប ក្នុងទិសដៅពីលិចទៅកើត រួមដំណើរមានគ្នា០៧នាក់ (កូនកំលោះ-កូនក្រមុំ) និងមានដាក់អុសផងដែរ ។ ពេលបើកដល់ចំណុចកើតហេតុខាងលើ គោយន្តកន្ត្រៃបានជាប់កាំលាវ(ចង្កូត) ហើយក៏រេក្បាលគោយន្តកន្ត្រៃ ធ្លាក់ប្រឡាយជ្រៅខាងឆ្វេង ក្រឡាប់តែម្ដង ។

ករណីនេះ បណ្ដាលអោយអ្នកបើកបរ និងរួមដំណើររួមមាន ៖ ១-ឈ្មោះ ព្រឿន មឹក ភេទស្រី អាយុ៣៣ឆ្នាំ (ស្លាប់)នៅកន្លែងកើតហេតុ, ២-ឈ្មោះ ព្រឿន សៀត ភេទស្រី អាយុ៣៦ឆ្នាំ របួសធ្ងន់, ៣-ឈ្មោះ អិន អាន ភេទប្រុស អាយុ៣៥ឆ្នាំ រ របួសបាក់ដៃ, ៤-ឈ្មោះ ឈី វ៉ាន់ថៃ ភេទប្រុស អាយុ១៨ឆ្នាំ កូនកំលោះ(ស្លាប់) ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកថ្មពួក, ៥-ឈ្មោះ ជាតិ សុខន ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិ គោកត្រាច ឃុំគោកស្នួល ស្រុកក្រឡាញ់ខេត្តសៀមរាប (កូនក្រមុំ) របួសបាក់ដៃឆ្វេង ,៦-ឈ្មោះ ហាប់ តល់ ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិជាមួយគ្នា របួសបាក់ជើងខាងស្ដាំ  ចំណែកអ្នកបើកបរពុំមានរងរបួសទេ ។

ក្រោយកើតហេតុ កម្លាំងប៉ុស្ដិ៍បានសហការណ៍ ជាមួយកម្លាំងជំនាញចរាចេណ៍ស្រុកថ្មពួក ចុះទៅដល់កន្លែងកើតហេតុ និងដឹកអ្នករបួសយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ។ ចំណែក អ្នកស្លាប់ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕