Connect with us

ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងបណ្តាលអោយភាគីម្ខាងក្រឡាប់ផ្ងារជើង

ខេត្តបាត់ដំបង! អ្នករួមដំណើរជាច្រើននាក់ភ័យព្រលឹងចុងសក់ ចំណែករថយន្តខូចខាតយ៉ាងដំណំនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងរថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងនៅលើកំណាត់ផ្លូវហៃវ៉េ (ក្រុងបាត់ដំបង)។

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កការភ័យខ្លាចខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៥ និង១០នាទី ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវហៃវ៉េ ចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្ដស៊ាំយ៉ុងប្រភេទដឹកទំទិញមួយគ្រឿងពណ៌សំបកឪឡឹក ពាក់ផ្លាកលេខភ្នំពេញ 2X-2786 បើកបរដោយបុរសម្នាក់ឈ្មោះ ស្នា អាយុ២៤ឆ្នាំ តាមបណ្តោយផ្លូវហៃវ៉េ ក្នុងទិសដៅពីកើតទៅលិច(ភ្នំពេញ បាត់ដំបង) លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តNISSAN (NAVARA) ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខបាត់ដំបង 2B-8874 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរជាគ្រួសារសរុប០៦នាក់ បើកបរឆ្លងកាត់ក្នុងទិសដៅពីត្បូងទៅជើង បានជ្រុលចង្កូតមកបុកពេញទំហឹងបណ្តាលអោយរថយន្តស៊ាំយ៉ុងក្រឡាប់ផ្ងារជើងអូសជាច្រើនម៉ែត្រ តែមិនបណ្តាលអោយមាននណាម្នាក់រងរបួសធ្ងន់ធ្ងរឡើយ ចំណែករថយន្តខូចខាតទាំងសងខាងយ៉ាងដំណំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់ធ្វើគំនូសហេតុ ដោយភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងដោយភាគីខាងរថយន្ត NISSAN(NAVARA) ព្រមជួសជុលសងអោយខាងរថយន្តស៊ាំយ៉ុង។