Connect with us

ព័ត៌មានជាតិ

លោក​ ហ៊ឹល​ រ៉ាយ៉ា​ ៖ បញ្ហាវិវាទដីធ្លី នៅខេត្តបន្ទាយមានជ័យ មានការថយចុះដោយសារ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

បន្ទាយមានជ័យ ៖ លោក​ ហ៊ឹល​ រ៉ាយ៉ា​ អភិបាល​រង តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ លើកឡើងថា បច្ចុប្បន្ននៅក្នុងខេត្តបន្ទាយមានជ័យ បញ្ហាវិវាទដីធ្លី មានការថយចុះជាច្រើន ដោយសារតែ មានការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ របស់កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ។

ការលើកឡើងដូច្នេះ ធ្វើឡើងកាលពីថ្ងៃទី៩​ ខែមីនា​ ឆ្នាំ​២០២៣​ ក្នុងពិធីប្រកាសកំណត់តំបន់វិនិច្ឆ័យ លើការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ​ ដល់ភូមិតារាងបាល់ ភូមិភ្នំកន្ទួត និងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ នៅទីស្នាក់ការសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកបន្តថា ជាការពិតណាស់ ដែលការចុះបញ្ជីដីធ្លីពិតជាមានសារៈសំខាន់ ព្រោះអាចកាត់បន្ថយនូវបញ្ហាទំនាស់ ធានាបាននូវសុវត្ថិភាពដី ពីការក្លែងបន្លំពីសំណាក់ជនខិលខូចមួយចំនួន កាត់បន្ថយភាពក្រីក្រ ស្ថេរភាពសង្គម និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ឱ្យកាន់តែប្រសើរឡើង ស្របតាមគោល នយោបាយ របស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី អណត្តិទី៦នេះ ។

ជាមួយគ្នានេះលោក​ រ៉ូ​ បូរ៉ា អនុប្រធានមន្ទីររៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ខេត្តបន្ទាយមានជ័យ បានបញ្ជាក់​ជូនបងប្អូនប្រជាពលរដ្ឋឱ្យដឹងថា​ នីតិវិធីនៃការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធមាន៥ដំណាក់កាល​ ៖​ ១-ត្រៀមរៀបចំ​ គឺជា ការកំណត់តំបន់វិនិច្ឆ័យ​ ការបង្កេីតគណៈកម្មការដ្ឋបាល ការជូនដំណឹង​ កិច្ចប្រជុំ​ផ្សព្វផ្សាយ​ និងដំណេីរការផ្សព្វផ្សាយ​ ពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ។ ២-ប្រតិបត្តិការ​បច្ចេកទេស​ គឺជា ការចុះកំណត់ព្រំ​វាស់​វែង​ និងវិនិច្ឆ័យ​ ដេីម្បីកាសងប្លង់សុរិយោដី​ និងបញ្ជីឈ្មោះម្ចាស់ដី ។ ៣-បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ​ (ប្លង់សុរិយោដី​ និងបញ្ជីឈ្មោះម្ចាសដី)​ រយៈ​ពេល​១៥ថ្ងៃ​ ដេីម្បីទុកលទ្ធភាពឱ្យម្ចាស់ដី​ និងអ្នកដែលពាក់ព័ន្ធធ្វេីការផ្ទៀងផ្ទាត់ឈ្មោះ​ ស្ថានភាពគ្រួសារ​ និងក្បាលដីរបស់ខ្លួន​ ព្រមទាំងធ្វេីការតវ៉ាក្នុងករណីមានការខុសឆ្គង ។ ផុតរយៈពេលកំណត់នៃការបិទផ្សាយ​ បងប្អូនប្រជាពលរដ្ឋ​ មិនអាចជំទាស់តវ៉ាបានទៀតឡេីយ ។ ៤-សម្រេចលេីឯកសារវិនិច្ឆ័យ​ របាយការណ៍​ពីលទ្ធភាព នៃកាតបិទផ្សាយជាសាធារណៈ​ នូវឯកសារនៃការវិនិច្ឆ័យរបស់គណៈកម្មការរដ្ឋបាល​ ជូនអភិបាលខេត្ត​ ដេីម្បីពិនិត្យ​ និងសម្រេចលេីការផ្យល់សិទ្ធ ចំពោះក្បាលដីណាដែលមិនមានទំនាស់ ។ ៥-ចុះបញ្ជីចេញប័ណ្ណ​ និងចែកប័ណ្ណជូនម្ចាស់ដី ៕