Connect with us

ព័ត៌មានជាតិ

ក្មេងទំនើងពីរក្រុមវាយនិងគប់គ្នាទៅវិញទៅមក ចុងក្រោយសមត្ថកិច្ច ស្រាវជ្រាវឃាត់ខ្លួនបានចំនួន៤នាក់

ខេត្តបាត់ដំបង! ក្រុមក្មេងទំនើងពីរក្រុមមានគ្នាប្រមាណជាង ១០នាក់ បានធ្វើសកម្មភាពដេញវាយនិងគប់គ្នាទៅវិញទៅមកបង្កភាពអាណាធិបតេយ្យនៅតាមទីសាធារណៈ កាលពីវេលាម៉ោងប្រហែល ០៣ និង ៤០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ នៅចំណុចសួនសម្ដេចក្រឡាហោម ស ខេង ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង រហូតមកដល់ពេលនេះត្រូវបានសមត្ថកិច្ចចុះស្រាវជ្រាវនិងឃាត់ខ្លួនបានចំនួន០៤នាក់។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានអោយដឹងថា ក្រោយទទួលបានព័ត៌មានពាក់ព័ន្ធក្នុងករណីហិង្សាដោយចេតនាខាងលើ  ភ្លាមនោះលោកបានដឹកនាំកម្លាំងការិយាល័យជំនាញសហការជាមួយកម្លាំងអន្តរាគមន៍បង្ការបង្ក្រាប បានចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការនាំខ្លួនក្រុមបក្សពួកក្មេងទំនើង០១ក្រុមមានគ្នា០៤នាក់។

ក្រុមក្មេងទំនើងដែលត្រូវបានឃាត់ខ្លួនរួមមាន: ១-ឈ្មោះ ពេជ្រ សកល ហៅ ឃ្លូ ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ២-ឈ្មោះ លីន ចាន់ខេង ភេទប្រុស អាយុ ១៩ឆ្នាំ ទីលំនៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ៣-ឈ្មោះ ចៅ ប៊ុនឡុង ភេទប្រុស អាយុ ២៣ឆ្នាំ ទីលំនៅភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ៤-ឈ្មោះ សុវណ្ណ វិច្ឆ័យ ភេទប្រុស អាយុ ២៤ឆ្នាំ ទីលំនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ហើយក្រោយពីឃាត់ខ្លួនក្រុមជនទាំង០៤នាក់ បច្ចុប្បន្នត្រូវបានការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី ។