Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ាណែត អំពាវនាវដល់កងទ័ពត្រូវរក្សាភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា​មេបញ្ជាការកងទ័ព ជើងគោក​ បានជំរុញឲ្យកងទ័ពទំាងអស់ត្រូវរក្សាភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និង ត្រូវត្រៀមលក្ខណៈឲ្យបានម៉ឺងម៉ាត់ នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ដើម្បីការពារនូវសុខសន្តិភាព និងផលប្រយោជន៍របស់ជាតិជាដើមនោះ។

ថ្លែងនៅក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង បំពាក់ឋានន្តរស័ក្តិជូននាយទាហាន នៃកងយោធពលខេមរភូមិន្ទ និងសម្ពោធសមិទ្ធផលនានា នៅសាលាពលទាហានទី៥ យោធភូមិភាគទី៥ កងទ័ពជើងគោក នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅខេត្តបាត់ដំបង ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ​បានលើកឡើងថា« អនុលោមតាមរដ្ឋធម្មនុញ្ញ, គោលការណ៍ច្បាប់ និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា​ គឺកងយោធពលខេមរភូមិន្ទ ក្នុងនាម​ជាកម្លាំងរបស់ជាតិ និងប្រជាជន ​មានកាតព្វកិច្ច រក្សាភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ​និងមានភាពដាច់ខាតក្នុងការធានាការពាររដ្ឋធម្មនុញ្ញ ​និងរាជរដ្ឋាភិបាលស្របច្បាប់ និង ​បន្តប្រុងប្រៀបត្រៀមលក្ខណៈធានាអនុវត្តយ៉ាងម៉ឺងម៉ាត់​នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួង​ការពារជាតិ និងអគ្គបញ្ជាការដ្ឋាន​ ដើម្បីធានាការពារសន្តិភាព និរន្តរភាព និងផលប្រយោជន៍ដ៏​ខ្ពង់ខ្ពស់​របស់ជាតិជាដើម»

នៅក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា ការហ្វឹកហ្វឺន គឺជាមធ្យោបាយគន្លឹះនៃការធានាសមត្ថភាពកងទ័ព ​និងនិរន្តភាពនៃកិច្ចការពារជាតិ។ ក្នុងន័យនេះ សាលាហ្វឹកហ្វឺន​ គឺជា​កន្លែង​ដ៏មានសារៈសំខាន់​សម្រាប់​បណ្តុះបណ្តាល​យោធិន​នៃកងយោធពល​ខេមរភូមិន្ទឱ្យមានឆន្ទៈស្មោះត្រង់មោះមុតដាច់ខាត ​ស្មារតីប្រយុទ្ធរឹងមាំ ​ទឹកចិត្តតស៊ូក្លាហាន និង​ប្រកបដោយជំនាញច្បាស់លាស់ តាមរយៈការអភិរក្សផ្នែកស្មារតី ​និងការធ្វើទំនើបកម្មផ្នែកសម្ភារ ដើម្បីបម្រើឱ្យបុព្វហេតុការពារជាតិ ​និងប្រជាជន ពីមួយជំនាន់ទៅមួយជំនាន់។

ជាមួយគ្នានោះដែរ ឯកឧត្តមឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក៏សូមចូលរួមអបអរសាទរជាមួយ​នាយ​ទាហាន ដែលទទួលបានការទុកចិត្តពីព្រះមហាក្សត្រ ​រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គ​បញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ចំពោះការតែងតាំងមុខតំណែងថ្មីក្នុងជួរ​ថ្នាក់ដឹកនាំ​សាលាពលទាហានទី៥ ​ដែល​ស័ក្តិសម​ទៅនឹងសមត្ថភាព, ​លក្ខណៈសម្បត្តិ, គុណបំណាច់ ​និងស្នាដៃដែលបានខិតខំប្រឹងប្រែងបំពេញជូនជាតិមាតុភូមិ ប្រកប​ដោយស្មារតីទទួលខុសត្រូវនារយៈកាលកន្លងមក ​ហើយក៏ជាការផ្តល់នូវទំនុកចិត្ត និង​ឱកាស​ក្នុងការចូលរួមដឹកនាំពង្រឹងយោធភូមិភាគទី៥ ​និងសាលាពលទាហានទី៥ តទៅខាងមុខ​ទៀតផងដែរ៕