Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌដូនពេញ ចុះបង្ក្រាបក្រុមម៉ូតូ បំពងសំឡេងខុសបច្ចេកទេស

ភ្នំពេញ៖ អាជ្ញាធរខណ្ឌដូនពេញក្រោមការដឹកនាំរបស់លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដាក់បទបញ្ជាឲ្យកងកម្លាំង អធិការដ្ឋាននគរបាលខណ្ឌដូនពេញឲ្យ ចុះល្បាតពូនស្ទាក់ បង្ការ បទល្មើសផ្សេងៗ ដើម្បីរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសភ្ញៀវជាតិ និងអន្តរជាតិ ជាប្រចាំ និងធ្វើការបង្ក្រាបក្រុមម៉ូតូបំពង សំឡេងខុសបច្ចេកទេស (ស៊ីមាំង ប្រែន) និងក្រុមបង្ហោះម៉ូតូតាមដងផ្លូវ ទីសាធារណៈ ។

ក្រោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ បានបញ្ជាកម្លាំងក្រោមឱវាទធ្វើការបង្ក្រាបក្រុមម៉ូតូបំពង សំឡេងខុសបច្ចេកទេស ស៊ីមាំងប្រែន និងក្រុមបង្ហោះម៉ូតូតាមដងផ្លូវ ទីសាធារណៈ នៅក្នុងភូមិសាស្ត្រខណ្ឌ ដូនពេញ ដែលធ្វើឱ្យរំខាន​ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ ក៏ដូចជាបង្កការ ភ័យខ្លាចដល់​អ្នកធ្វើដំណើរ ថ្មើជើង និងយានជំនិះផងដែរ ។

អាជ្ញាធរ សំណូមពរ ឱ្យប្អូនៗបញ្ឈប់ភាពអសកម្មក្នុងការប្រើប្រាស់ ម៉ូតូកែច្នៃខុសបច្ចេកទេស ស៊ីមាំងប្រែន និងបញ្ឈប់ការបង្ហោះម៉ូតូ ដើម្បី​រក្សាសណ្តាប់ធ្នាប់សាធារណៈ​ នៅក្នុងសង្គម និង​បញ្ចៀស​ការប៉ះពាល់ ដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ៕