Connect with us

ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ ជំរុញមន្ត្រីជំនាញនៃមន្ទីរទាំងអស់ត្រូវធ្វើអាណិត្តបើកប្រាក់បៀវត្ស ជូនមន្រ្តីរាជការអោយបានទាន់ពេល

ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តចំណូល-ចំណាយថវិកាត្រីមាសទី១ និងរៀបចំបូកសរុបកម្មវិធីចំណូល-ចំណាយថវិកាត្រីមាសទី២ ឆ្នាំ២០២៣ នៅមន្ទីរសេដ្ឋកិច្ចនឹងហិញ្ញវត្ថុខេត្តប៉ៃលិន កាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ។
លោកជំទាវអភិបាលខេត្ត ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់មន្ត្រីជំនាញនៃមន្ទីរទាំងអស់ត្រូវធ្វើអាណិត្តបើកប្រាក់បៀវត្ស ជូនមន្រ្តីរាជការអោយបានទាន់ពេលវេលា ទៅតាមគោលនយោរបស់រាជរដ្ឋាភិបាល និង ត្រូវមានទំនួលខុសត្រូវខ្ពស់ ទៅតាមតួនាទីភារៈកិច្ចរៀងៗខ្លួន ក្នុងស្មារតីស្មោះត្រង់ និងសាមគ្គីឯកភាពផ្ទៃក្នុងល្អ ជាពិសេសមន្ត្រីជួរក្រោយរបស់អង្គភាពនីមួយៗ ដែលបម្រើការងារអង្គភាពច្រកចេញចូលរបស់រដ្ឋបាលខេត្ត ត្រូវខិតខំបំរើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ដែលពួកគាត់មកទទួលសេវាសាធារណៈផ្ទាល់ អោយពួកគាត់មានជំនឿទុកចិត្តដល់មន្រ្តីដែលកំពុងចាំទទួល ផ្តល់សេវាដល់ពួកគាត់ ។
ក្រៅពីការលើកឡើងខាងលើលោកជំទាវក៍ បានជំរុញដល់មន្ទីរជំនាញទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលអោយបានតាមផែនការរបស់ខ្លួន នៅអង្គភាពច្រកចេញចូលរបស់រដ្ឋបាលខេត្ត ដើម្បីជាគុណប្រយោជន៍ដល់ការចូលរួមលើកស្ទួយសេដ្ឋកិច្ច នឹងចូលរួមកសាងអភិវឌ្ឍន៍ ប្រទេសជាតិអោយមានការរីកចំរើន ជាបន្តបន្ទាប់ ក្រោមម្លប់សន្តិភាព និងបានលើកឡើងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកែទម្រង់ស៊ីជម្រៅការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយបង្កើនភាពជឿទុកចិត្តនៃថវិកាព្រមទាំងផ្តល់អាទិភាពបន្ទាន់លើការងារពង្រឹងការប្រមូល និងការគ្រប់គ្រងចំណូល ដើម្បីជាទិសដៅសំខាន់សម្រាប់កសាងអភិវឌ្ឍន៍ប្រទេសជាតិ ឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ ធានាសម្រេចអោយបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់៦,៥% ដូច្នេះថ្នាក់ដឹកនាំមន្ទីរជំនាញ ត្រូវខិតខំពង្រឹងសមត្ថភាពបច្ចេកទេស បន្ថែមទៀត ក្នុងការអនុវត្តលើកិច្ចការដែលមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ធ្វើការណែនាំពីបទដ្ឋានគតិយុទ្ធនានា និងនិតិវិធី ប្រើប្រាស់ថវិកាជាតិអោយចំគោលដៅ ហើយត្រូវកាត់បន្ថយភាពអសកម្មទាំងឡាយណាដែលធ្វើអោយបះពាល់ដល់ការអនុវត្តការងារកន្លងមក។
សូមបញ្ជាក់ថា៖ ការអនុវត្តប្រមូលចំណូលរបស់មន្ទីរជំនាញជួរក្រោយ នៅអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តប៉ៃលិន រយៈពេល ២ខែ ឆ្នាំ២០២៣ នេះ គឺបានចំនួន ៣៥៦,៨៤១,៩០០ រៀល គិតជាភាគរយស្មើរ ៣៤%។