Connect with us

ព័ត៌មានជាតិ

ទេសរដ្ឋមន្រ្តី គន់ គីម កំណត់ត្រឹមខែប្រាំមុនបោះឆ្នោត ឱ្យអភិបាលខេត្តឧត្ដរមានជ័យ ដោះស្រាយបញ្ហាវិវាទដីធ្លី ឱ្យអស់

ឧត្តរមានជ័យ៖ ទេសរដ្ឋមន្រ្តី គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន​ខេត្តឧត្តរមានជ័យ ដាក់​ឱសានវាទ​ឱ្យ​អភិបាលខេត្តឧត្ដរមានជ័យ ឯកឧត្តម ប៉ែន កុសល្យ ពន្លឿនការដោះស្រាយបញ្ហាវិវាទដីធ្លីជូនពលរដ្ឋឱ្យអស់ត្រឹមរយៈពេលខែប្រាំ មុនពេល​បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នាពេលខាងមុខ ។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើក​ទិសដៅ​ការងារ​ឆ្នាំ២០២៣ ​របស់រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមនាយឧត្តម​សេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធាន​ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បាន​រម្លឹកតឿន​ដល់អាជ្ញាធរខេត្ត ក្រុង ស្រុក និងមូលដ្ឋានឃុំ សង្កាត់ ទាំងអស់ក្នុងខេត្តឧត្តរមានជ័យ ធ្វើ​យ៉ាងណា​ត្រូវខិតខំ​ពន្លឿនការដោះស្រាយបញ្ហាទំនាស់វិវាទដីធ្លី ​ដែលនៅ​សេសសល់​ក្នុងខេត្តឧត្តរមានជ័យ ឲ្យបានឆាប់ និងចប់ មុនពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ ​នៅពេលខាងមុខនេះ ស្របតាម​យុទ្ធសាស្រ្តកោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានឲ្យដឹងទៀតថា ​បញ្ហាទំនាស់វិវាទដីធ្លី​ នៅតែជាបញ្ហារសើបមួយ​ហើយបញ្ហាវិវាទដីធ្លីដែលនៅសេសសល់ខ្លះៗនោះ នៅតែបន្តមានពុំទាន់បានដោះស្រាយ​ឱ្យអស់​ដែលយើងគ្រប់គ្នា ត្រូវរួមគ្នាយកចិត្តទុកដាក់ក្នុងការដោះស្រាយជាបន្ទាន់ ជូនប្រជាពលរដ្ឋឱ្យអស់ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ទៀតថា ចំពោះបញ្ហាដីធ្លីនេះ ​ហាក់បីដូចជាមិនទាន់​បាន​ដោះស្រាយ​ ឱ្យបានចប់មួយរយភាគរយនោះទេ​ ។​បញ្ហានេះ​អាជ្ញាធរខេត្ត​ រួមទាំងអាជ្ញាធរនៅ​តាម​ក្រុងស្រុក ឃុំសង្កាត់ ត្រូវយកចិត្តទុកដាក់គិតគូរ​ឲ្យបានខ្ពស់ក្នុងការពន្លឿន​ការដោះស្រាយ​បញ្ហា​ប្រឈមទាំងអស់នេះ ឱ្យលឿន និងឆាប់រហ័ស​ក្នុងរយៈពេលមុនការបោះឆ្នោត ឈានចូលមកដល់។

ទេសរដ្ឋមន្រ្តី គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាល បានបញ្ជាក់ថា ការដោះស្រាយ​បញ្ហាវិវាទ​ក្រៅប្រព័ន្ធតុលាការ​គឺជម្រើសមួយដ៏ល្អដែលថ្នាក់ដឹកនាំ​ត្រូវ​យក​ចិត្តទុកដាក់គិតគូរ​និង​ជា​កត្តា​មួយ​ដ៏​សំខាន់ប្រសិន​បើអាជ្ញាធរខេត្ត អាចធ្វើការដោះស្រាយបាននោះ។

សូមរំលឹកថា ​បញ្ហាទំនាស់វិវាទដីធ្លីនេះ​កន្លងមក ​ការដោះស្រាយ​ គឺ​មានការ​ស្មុគស្មាញ​និង​ពន្យា​ពេល​អូសបន្លាយយូរ ធ្វើឱ្យ​ប្រជាពលរដ្ឋមានការមិនពេញចិត្ត​ ពេលខ្លះ​ប្រជាពលរដ្ឋ​ត្រូវ​ចាប់ខ្លួន ក៏​មាន​ចំពោះបញ្ហាវិវាទដីធ្លីនេះ៕