Connect with us

ព័ត៌មានជាតិ

ក្មេងប្រុសអាយុក្រោម១៥ឆ្នាំជិះម៉ូតូដឹកគ្នាក្នុងល្បឿនលឿនជ្រុលបុករថយន្តបើកថយក្រោយបណ្តាលអោយរងរបួសបាក់ជើងម្នាក់

ខេត្តបាត់ដំបង! ក្មេងប្រុសអាយុក្រោម១៥ឆ្នាំម្នាក់បានរងរបួសបាក់ជើងម្ខាង និងអ្នកបើកបរម្នាក់ផ្សេងទៀតរងរបួសស្រាលបន្តិចបន្តួចក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូទៅបុករថយន្តដែលកំពុងបើកថយចេញពីផ្ទះនៅវេលាម៉ោង ០៨និង៥០នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងមុខផ្ទះសំណាក់យានយាន ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក ford RANGERពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BH-3239បើកបរដោយបុរសវ័យចំំណាស់ម្នាក់បានថយចេញពីផ្ទះសំណាក់ក្នុងទិសដៅពីជើងទៅត្បូង ភ្លាមនោះក៏ស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីចាស់ ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ7692-បប.1 បើកបរដោយក្មេងប្រុសអាយុក្រោម១៥ឆ្នាំម្នាក់ និងអ្នករួមដំណើរម្នាក់ ក្នុងទិសដៅពីកើតទៅលិចក៏ជ្រុលទៅបុករថយន្តពេញទំហឹងបណ្តាលឱ្យក្មេងប្រុសអ្នកជិះខាងក្រោយរងរបួសធ្ងន់បាក់ជើងម្ខាង ចំណែកអ្នកបើកបររងរបួសបន្តិចបន្តួច។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលជំនាញបានចុះមកវាស់វែងធ្វើកំណត់ហេតុ ដោយភាគីខាងម៉ូតូជាក្មេងមិនទាន់គ្រប់អាយុបើកបរ ទើបម្ចាស់រថយន្តព្រមជួយមើលតាមមនោសញ្ចេតនា និងបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង។