Connect with us

ព័ត៌មានជាតិ

ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន២០ខ្នងនៅស្រុកពីរផ្សេងគ្នា

ខេត្តបាត់ដំបង! សេចក្តីរាយការណ៍បឋមបានអោយដឹងថា នៅរសៀលថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២៣ ខេត្តបាត់ដំបងមានធ្លាក់រាយប៉ាយលាយឡំជាមួយខ្យល់កន្ត្រាក់ផងនោះបានធ្វើអោយស្រុកមួយចំនួនរងផលប៉ះពាល់ខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ និងផលដំណាំផ្សេងៗជាច្រើន។

ជាមួយហេតុការណ៍គ្រោះធម្មជាតិខាងលើនេះដែរ ខ្យល់បានបក់បោកយ៉ាងខ្លាំងគ្របដណ្តប់ទៅលើស្រុកពីរផ្សេងគ្នា ក្នុងនោះមានស្រុកសង្កែ ប៉ះពាល់ទៅលើឃុំអូរដំបង១ និងឃុំវត្តតាមិម ខូចខាតផ្ទះប្រជាពលរដ្ឋជាបឋមចំនួន ១៣ខ្នង , កុដិចាស់ទ្រុឌទ្រោមទុកចោល០១ខ្នង , រោងគោ០១ , ម៉ូតូ០១គ្រឿង និងរលំដើមឈើអស់ជាច្រើនដើម ដោយឡែកស្រុកគាស់ក្រឡ ប៉ះពាល់ទៅលើភូមិគោកពោន ឃុំធិបតី បណ្តាលអោយរបើកដំបូលផ្ទះប្រជាពលរដ្ឋខូចខាតអស់ជាបឋមចំនួន០៧ខ្នងផងដែរតែមិនបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សឡើយ។

ជាមួយគ្នានេះដែរអាជ្ញាធរ និងសត្ថកិច្ចកំពុងពន្លឿនក្នុងការចុះស្រង់នូវទំហំផលប៉ះពាល់ដើម្បីរាយការណ៍ដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាសាខាកាកបាទក្រហមកម្ពុជាខេត្តដើម្បីយកជំនួយផ្តល់បឋមដល់គ្រួសារជនរងគ្រោះផងដែរ៕