Connect with us

ព័ត៌មានជាតិ

ស្នងការបាត់ដំបងព្រមានបើមេប៉ុស្តិ៍ណានៅបន្តគគ្រេចត្រូវដោះដូរជាបន្ទាន់ ហើយមិនត្រូវពាក់ព័ន្ធឬនៅពីក្រោយគ្រឿងញៀន

ខេត្តបាត់ដំបង! ថ្លែងក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចំនួន ៥២៣នាក់ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅឯមជ្ឈមណ្ឌលសុភមង្គល លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ បានមានប្រសាសន៍ព្រមានដោះដូរជាបន្ទាន់បើមេប៉ុស្តិ៍ណានៅបន្តគគ្រេច និងហាមដល់មន្ត្រីនគរបាលទាំងអស់មិនត្រូវពាក់ព័ន្ធឬនៅពីក្រោយគ្រឿងញៀន។

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន បានមានប្រសាសន៍ថា ប៉ុស្តិ៍ខ្លះស្អុយឆ្អេះ គគ្រេចចូលមិនចុះ ដូច្នេះគ្រប់អធិការ ក្រុងស្រុកទាំងអស់ត្រូវពិនិត្យឡើងវិញ បើមេប៉ុស្តិ៍ណានៅតែគគ្រេចរបៀបនេះត្រូវធ្វើការដោះដូរជាបន្ទាន់អត់ទុកអោយអញ្ចឹងបន្តទៅទៀតទេ ហើយរដ្ឋបាលរបស់ស្នងការដ្ឋានត្រូវពិនិត្យបន្ទប់ទឹកទាំងអស់ឡើងវិញនៅក្នុងអគារ កន្លែងអ្នកណានៅ អង្គភាពណានៅ ត្រូវទទួលខុសត្រូវ ហើយប្រសិនបើចូលទៅនៅមានធំក្លិនឆ្អេះនិងដោះដូរអោយទៅនៅកន្លែងផ្សេង។

លើសពីនេះលោកឧត្តមសេនីយ៍ទោ ស្នងការ បានសង្កត់ធ្ងន់អំពីបញ្ហាគ្រឿងញៀន បើមន្ត្រីណាបានចូលទៅមណ្ឌលមន្ទីរអប់រំគ្រប់រយៈពេលដែលអាចសាបហើយ កែប្រែហើយត្រឡប់មកអង្គភាពវិញ លើកក្រោយបើនៅតែដដែល និងសុំធ្វើសំណើរដេញចេញពីក្របខ័ណ្ឌទាំងអ្នកមានតួនាទីក៏ដោយ  ហើយអ្នកដែលជាប់ពាក់ព័ន្ធជាមួយនៅពីក្រោយខ្នងអ្នកដែលចែកចាយ ត្រូវតែដកខ្លួនជាបន្ទាន់ ហើយលោកអធិការ លោកមេបញ្ជាការវរ និងលោកនាយការិយាល័យទាំងអស់ត្រូវផ្សព្វផ្សាយទៅមន្ត្រី បើកាលណាលោកស្រាវជ្រាវទៅ ដឹងថានៅពីក្រោយខ្នង ឬក៏ចែកចាយ និងអនុវត្តទៅតាមនីតិវិធីច្បាប់។