Connect with us

ព័ត៌មានជាតិ

ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ បំផ្លាញផ្ទះប្រជាពលរដ្ឋ ០៥ខ្នង នៅស្រុកបាណន់

បាត់ដំបង ៖ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ សម្រាប់ខេត្តបាត់ដំបង មានស្រុកមួយចំនួនមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ ហើយបានបំផ្លាញ ផ្ទះសំបែង ទ្រព្យសម្បត្តិ និងផលដំណាំផ្សេងៗជាច្រើន ។

ជាមួយហេតុការណ៍គ្រោះធម្មជាតិខាងលើនេះ សម្រាប់ស្រុកបាណន់ ខ្យល់បានបក់បោកយ៉ាងខ្លាំង គ្របដណ្តប់ទៅលើភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ បណ្តាលអោយរបើកដំបូលផ្ទះប្រជាពលរដ្ឋ ខូចខាតអស់ចំនួន ០៥ខ្នង និងដួលរលំរោងបុណ្យ១០០ថ្ងៃផងដែរតែមិនបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សឡើយ ។

ជាមួយគ្នានេះដែរ អាជ្ញាធរ និងសត្ថកិច្ច កំពុងពន្លឿនក្នុងការចុះស្រង់នូវទំហំផលប៉ះពាល់ ដើម្បីរាយការណ៍ដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ក្នុងគោលបំណងផ្តល់ជំនួយបឋមដល់គ្រួសារជនរងគ្រោះផងដែរ ៕
ដោយ ៖ សាលី