Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ០៧នាក់ ក្រោយប្រេីប្រាស់​ កាំបិត​ខ្វែវកាប់​ប្លន់​យក​ម៉ូតូ​

បាត់ដំបង ៖ ជនសង្ស័យប្រុសស្រី ៧នាក់ ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួន ក្រោយប្រេីប្រាស់​កាំបិត​ខ្វែវកាប់​ប្លន់ម៉ូតូ​ ។

លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ ស្នងការរង​នគរបាលខេត្តបាត់ដំបង បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីថ្ងៃទី​ ២៤​ ខែ​មីនា​ ឆ្នាំ​ ២០២៣​ នៅ​ចំណុច​ភូមិ​អូរជ្រៅ​ សង្កាត់​អូរជ្រៅ​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ​ សល់​ ស៊ឺ​ ភេទ​ប្រុស​ អាយុ​១៤​ឆ្នាំ​ មានទីលំនៅ​ភូមិ​ប៉ាលិលេយ្យ​១​ ក្រុងប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ ហើយក្រោយ​ពី​ឃាត់ខ្លួនសាកសួរ​រួច​ រហូត​ដល់​វេលាម៉ោង​ ២០និង៥៣​នាទី​ ថ្ងៃ​ដដែល​ នៅ​ចំណុច​ភូមិ​ភ្នំសំពៅ​ ឃុំ​ភ្នំសំពៅ​ ស្រុក​បាណន់​ ខេត្ត​បាត់ដំបង សមត្ថកិច្ចបាន​ធ្វេីការ​នាំខ្លួន​ ជនសង្ស័យ​ចំនួន​ ០៦​នាក់​បន្ថែមទៀត​ ។

ដែលជនសង្ស័យត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះ​ អេង​ វិជ្ជា​ ហៅ​ ជា​ ភេទប្រុស​ អាយុ​១៧​ឆ្នាំ​(​ជា​អ្នក​ធ្វេី​សកម្មភាព​), ២-ឈ្មោះ​ ជា​ ចន្នី​ ភេទស្រី​ អាយុ​១៧​ឆ្នាំ, ៣-ឈ្មោះ​ សាត​ ង៉ា​ ភេទប្រុស​ អាយុ​ ១៩​ឆ្នាំ​, ៤-ឈ្មោះ​ តឿម​ វិបុល​ ហៅ​ គូ​ ភេទប្រុស​ អាយុ​១៧​ឆ្នាំ​, ៥-ឈ្មោះ​ វ៉ាន់​ ដឿន​ ភេទប្រុស​ អាយុ​ ១៥​ឆ្នាំ​, ៦-ឈ្មោះ​ រុន​ ស៊ីដេត​ ភេទប្រុស​ អាយុ​១៧​ឆ្នាំ​ ។

វត្ថុតាង​ដកហូត​រួម​មាន​ ៖​ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​ សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​ ២០១៦​ គ្មាន​ស្លាកលេខ​ (​ ជាម៉ូតូ​ជិះ​ធ្វេី​សកម្មភាព​ )​, ម៉ូតូ​ ​ម៉ាកហុងដា​ឌ្រីម​ សេ​១២៥​ ពណ៌​ ខ្មៅ​ ស៊េរី​ឆ្នាំ​ ២០១៨​ គ្មាន​ស្លាកលេខ​ (​ ជាម៉តូ​របស់​ជនរងគ្រោះ​ )​, ម៉ូតូ​ ម៉ាកហុងដា​ ឌ្រីម​ សេ​១២៥​ ពណ៌​ ខ្មៅ​ ស៊េរី​ ឆ្នាំ​២០២២​ គ្មាន​ស្លាកលេខ​ (​ ជារបស់​ជនរងគ្រោះ​ )​ ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ ​ត្រូវបានការិយាល័យ​ជំនាញ​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ ចាត់ការ​តាម​នីតិវិធី​ ៕

ដោយ ៖ សាលី