Connect with us

ព័ត៌មានជាតិ

ជិះម៉ូតូ ឡើងវ៉ាជែងមិនប្រយ័ត្ន ទាក់ដៃចង្កូតបណ្តាលអោយដួលរងរបួសធ្ងន់ម្នាក់

បាត់ដំបង ៖ បុរសម្នាក់បានរងរបួសធ្ងន់ ក្រោយជិះម៉ូតូឡើងវ៉ាជែង ខ្វះការប្រុងប្រយ័ត្ន បានទាក់ដៃចង្កូតជាមួយម៉ូតូកង់បី (passapp) នៅវេលាម៉ោង ២០និង០០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវបំបែកតាំងណាំសែ ស្ថិតក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញ ម៉ូតូកង់បី(passapp) ពណ៌ស មួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង1AD-7095 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចផ្លូវបំបែកកន្លែងកើតហេតុខាងលើ បានបត់ស្តាំ ភ្លាមនោះក៏ស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខបាត់ដំបង 1AQ-2154 បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នា និងបានឡើងវ៉ាជែងខាងស្តាំក៏ទាក់ដៃចង្កូតបណ្តាលឱ្យដួលបោកមុខរងរបួសធ្ងន់តែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលជំនាញ បានចុះមកវាស់វែងធ្វើកំណត់ហេតុ និងបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីរងចាំដោះស្រាយតាមនីតិវិធី ៕

ដោយ ៖ សាលី