Connect with us

ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន នាំយកអំណោយជូន គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ៦គ្រួសារ

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តប៉ៃលិន កាលពី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ បានចាត់ឲ្យលោកឧកញ៉ា ឡោ ស៊ុនជាង ប្រធានគណៈកម្មាធិការអនុសាខាស្រុកសាលាក្រៅ ដឹកនាំ អនុប្រធាន សមាជិកគណៈកម្មាធិការអនុសាខាស្រុក ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនក្រុមគ្រួសាររងគ្រោះដោយសារខ្យល់កន្រ្តាក់ ចំនួន៦ខ្នងផ្ទះ ។

គ្រួសារពលរដ្ឋ ដែលត្រូវទទួលអំណោយ រួមមាន ៖ ១-គ្រួសារឈ្មោះ រ៉េត រុំ ភេទប្រុស ផ្ទះឈើទំហំ(៥មx៨ម) របើកស័ង្កសីអស់ទាំងស្រុង ទទួលបានស័ង្កសីចំនួន ៣៥ សន្លឹក ។ ២-គ្រួសារឈ្មោះ ម៉ែន ធា ភេទប្រុស ទំហំផ្ទះ(៥មx៧ម) របើកសង្ក័សី ទទួលបានស័ង្កសីចំនួន ២៩ សន្លឹក ។ ៣-គ្រួសារលោក ផន ធុន ភេទប្រុស ផ្ទះទៀមសង់និងប្រក់ពីស័ង្កសីរបើកអស់ ទទួលបានស័ង្កសីចំនួន ៥សន្លឹក ។  ៤-គ្រួសារ អ៊ូ ថៃសាន ភេទប្រុស ទំហំផ្ទះ(៥មx៤ម) របើកស័ង្គសីអស់ ទទួលបានស័ង្កសីចំនួន ៩សន្លឹក ។ ៥-គ្រួសារ គ្រឿម សឹង ភេទប្រុស  ផ្ទះទំហំ(៥មx៦ម) របើកស័ង្កសីអស់ ទទួលបានស័ង្កសីចំនួន ៤សន្លឹក ។ ៦-គ្រួសារ មាន ចាន់ ភេទប្រុស ផ្ទះទំហំ(៥មx៦ម) របើកស័ង្កសីអស់ទទួលបានស័ង្កសី ៣សន្លឹក ។

អំណោយដែលចែកជូន ក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ ២៥គីឡូក្រាម, ទឹកសុទ្ធ ៥ យួរ, និងថវិកា ១០០,០០០ រៀល (មួយរយពាន់រៀលគត់) ។ និងចែកជូនថវិកាប្រជាការពារភូមិ ចំនួន ៥នាក់ ក្នុងមួយម្នាក់ៗទទួលបានថវិកា ២០,០០០រៀល (ម្ភៃពាន់រៀលគត់) ។

ក្នុងឱកាសនេះ លោកឧកញ៉ាប្រធានអនុសាខាស្រុក បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខ ទុក្ខពីសំណាក់  លោកជំទាវ បាន ស្រីមុំ  ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហម ខេត្តប៉ៃលិន ដែលជានិច្ចកាល លោកតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ៕